(ព្រះវិហារ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងកើត នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងបរិក្ខាប្រើប្រាស់ប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរសេនាតូចអន្តរាគមន៍លេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨៥ ក្រោមវត្តមានលោក អ៊ូ រ៉ាសុី អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក និងជាប្រធានក្រុមការងារទទួលបន្ទុកតំបន់ឆ្នេរខាងកើត តំណាងលោក មុឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក និងលោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨, លោកវរសេនីយ៍ឯក ទឹម ហៀក មេបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨៥ ព្រមទាំងនាយ និងពលទាហាន និងក្រុមការងារជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោក អ៊ូ រ៉ាសុី បានកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជា យ៉ាងស្វាហាប់ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។
លោកថា ការចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ តែងតែនៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួម ការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។ កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ មិននៅឯកោទេ ពោលគឺមានតែទទួលបានការគោរពដឹងគុណ ផ្សាភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតពីសមរភូមិក្រោយ។
ដើម្បីជាការថ្លែងអំណរគុណ និងដឹងគុណដល់វីរៈភាពអង់អាចក្លាហានរបស់កងកម្លាំងសមរភូមិមុខ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងកើត បានរួមសាមគ្គីគ្នា នាំយកនូវអំណោយជាថវិកា ស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗជូនដល់កងកម្លាំងកងទ័ពរបស់យើង និងបានពិសារបាយសាមគ្គីជួបជុំគ្នា ប្រកបដោយភាពស្និតស្នាលរីករាយក្រៃលែង៕