(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំ សិក្ខាសាលាបណ្តុះបណ្តាលមួយស្តីអំពីការបង្កើត និងផលិតល្បែងក្នុងការបង្រៀនភាសាបារាំងមួយ ត្រូវបានរៀបចំឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ កម្មវិធីបណ្តុះបណ្តាលនេះគាំទ្រដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងដឹកនាំដោយលោក John Francis Kenwright សាស្ត្រាចារ្យសាកលវិទ្យាល័យ ជាទីប្រឹក្សាគរុកោសល្យ និងការបង្កើតល្បែងនៅវិទ្យាស្ថានជាតិគរុកោសល្យទីក្រុង INP Grenoble ប្រទេសបារាំង។

សិក្ខាសាលានេះមានការចូលរួមពីលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យបណ្តុះបណ្តាលគរុកោសល្យ និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំប្រមាណជាង២០រូប ផ្តោតលើកម្មវត្ថុសំខាន់ៗរួមមាន៖

* បញ្ជ្រៀប គ្រូៗបង្រៀនភាសាបារាំងឲ្យយល់អំពីសក្តានុពល នៃល្បែងគរុកោសល្យ
* ស្វែងយល់ និងសម្របល្បែងដែលមានស្រាប់បង្កើតឡើងចេញពីគំរោងល្បែងគរុកោសល្យទៅតាមតម្រូវការជាពិសេសរបស់សិក្ខាកាម
* ជួយជ្រោមជ្រែងគ្រូបង្រៀន ក្នុងការបង្កើតគំរោងបង្កើតល្បែងរបស់ពួកគេ
* ជំរុញការគិតពិចារណាដល់ការបង្កើតថ្មីរបស់គ្រូៗ ដោយជួយពួកគេក្នុងការកសាងសកម្មភាពរៀនតាមរយៈការបង្កើតល្បែងផ្សេងៗ
* បញ្ចូលសម្ភារៈឧបទេស និងធនធាននានាដើម្បីជួយលោកគ្រូអ្នកគ្រូៗក្នុងការកសាងនិងដាក់អោយដំណើរការនូវសកម្មភាពនានាក្នុងការសិក្សា។

លោក John Francis Kenwright បានបញ្ជាក់ថា «គោលបំណង គឺថាយើងបានផ្តើមអោយសិក្ខាកាម និងសាស្ត្រាចារ្យស្គាល់នូវអ្វីដែលមិនដែលស្គាល់ពីមុនមកក្នុងការអនុវត្តន៍ មានន័យថាការប្រើប្រាស់ល្បែងក្នុងការបង្រៀន។ ប៉ុន្តែការពិត នៅពេលសិស្សនិងនិស្សិតលេង យើងនឹងរកឃើញនូវសមត្ថភាពផ្សេងៗ ជាច្រើនក៏ដូចជាអកប្បកិរិយាផ្សេងៗ នឹងលេចចេញមកជាលក្ខណៈធម្មជាតិ ដូចជាការគោរពអ្នកដទៃ ការស្តាប់អ្នកដទៃ ការគ្រប់គ្រងភាពតានតឹង ការគ្រប់គ្រងពេលវេលា ការគ្រប់គ្រងអារម្មណ៍ ឬលើសពីនោះ ភាពឈ្លាសវៃកើតចេញពីការរំភើប»

លោកសាស្ត្រាចារ្យ John បានបន្ថែមថា សិក្ខាកាមទាំងឡាយក្នុងវគ្គបណ្តុះបណ្តាលនេះ មានការយកចិត្តទុកដាក់ និងប្រឹងប្រែងណាស់ ពួកគេក៏បានសិក្សាបន្ថែមនូវភាសាបារាំង (សម្រាប់និស្សិត) ហើយសម្រាប់សាស្ត្រាចារ្យវិញ ក៏បានបើកចំហបន្ថែមនូវបច្ចេកទេសជាច្រើនក្នុងការសិក្សាផងដែរ។

សូមជម្រាបថា ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ដែលបង្កើតឡើង៦០ឆ្នាំមកហើយ បច្ចុប្បន្នជាបណ្តាញសាកលវិទ្យាល័យទី១ លើពិភពលោក ជាមួយសមាជិកជាង១,០០០គ្រឹះស្ថាន ជាសមាជិក រួមមាន សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលធំៗ និងមជ្ឈមណ្ឌលស្រាវជ្រាវ ដែលមានវត្តមាននៅក្នុងប្រទេសចំនួន១១៥។

ជាស្ថាប័នតំណាងឲ្យទេពកោសល្យហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ ដែលមានវត្តមាននៅទូទាំងពីភពលោក AUF គឺជាអង្កគារអន្តរជាតិមិនរកប្រាក់ចំណេញ ក៏ជានិមិត្តរូបមួយដែលមានទស្សនវិស័យ ដើម្បីការអភិវឌ្ឍដ៏ប្រសើរ នៃប្រព័ន្ធអប់រំ និងសាកលវិទ្យាល័យ៖ «គិតគូរជាសាកលអំពីហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ និងប្រតិកម្មជាលក្ខណៈតំបន់ដោយគោរពនូវភាពសំបូរបែប»