(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ មានបណ្តាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannseang បានបង្ហោះរូបភាព ដោយលើកឡើងថា «គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយ ដោយមិនទាន់បានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោម ព្រែកប្រា សូមសម្តេចពុក សម្តេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង» ។
តាមរយៈបណ្តាញសង្គម Facebook និង Tik Tok ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹងក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស។
អនុវត្តតាមគម្រោងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ បានធ្វើការដោះស្រាយផលប៉ះពាល់រួចរាល់បាន ៩៨% ហើយ គឺនៅសល់តែបងប្អូនប្រជាពលរដ្ឋចំនួន ០៣ គ្រួសារ តែប៉ុណ្ណោះ ហើយកន្លងមក ក្រុមការងារបានអញ្ជើញប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចំនួន ០៣គ្រួសារនេះ មកធ្វើការ សម្របសម្រួលដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារ ប៉ុន្តែពួកគាត់ នៅតែមិនទាន់ទទួលយកសំណងពីគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក្នុងនោះមាន៖
១៖ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់សរុបចំនួន ៩៣៩,៣៨០.៥២ដុល្លារ។
២៖ គ្រួសារ ឈ្មោះ ហុក សេងគីម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២,២០៩,៥៤៣,១៥ដុល្លារ។
៣៖ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់សរុបចំនួន ១៧១,៨៣៨.១៩ដុល្លារ។
សំណងផលប៉ះពាល់នេះ ពួកគាត់មិនព្រមទទួលយក ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនសាធារណជនថា រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវដកហូតទីតាំងខាងលើនេះ មកឱ្យក្រុមការងារបច្ចេកទេស បន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យទាន់ផែនការកំណត់ ដើម្បីប្រយោជន៍សាធារណៈ ដោយមិនអាចបណ្តែត បណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ធ្វើឱ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះឡើយ។
ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ នៅតែទុកលទ្ធភាពជូនពួកគាត់ បើពិនិត្យឃើញថា ចំនួនទឹកប្រាក់នៃការផ្តល់សំណងនេះ មិនសមស្របនោះ អាចដាក់ពាក្យបណ្តឹង ទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីបន្តទៀតបាន ទោះបីជាពួកគាត់ទទួលបានសំណងពីគណៈកម្មការអន្តរក្រសួង ឬក៏ក្រោយពេលស្ពានត្រូវបានសាងសង់បញ្ចប់ និងបានដាក់ឱ្យប្រើប្រាស់ក៏ដោយ។
សូមបញ្ជាក់ថា ចំពោះសំណងផលប៉ះពាល់ គណៈកម្មការ អន្តរក្រសួងដោះស្រាយផលប៉ះពាល់រក្សាទុកជូនពួកគាត់ នៅពេលដែលពួកគាត់មកទទួលសំណងនេះ ពេលណាក៏បាន។
ទន្ទឹមនឹងនេះ ដើម្បីជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យបញ្ចប់ និងឈានទៅដោះស្រាយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋទាំងអស់នោះ ស្នើបងប្អូនប្រជាពលរដ្ឋចំនួន ០៣ គ្រួសារខាងលើ អញ្ជើញមកទទួលយកសំណងផលប៉ះពាល់ពីគណៈកម្មការអន្តរក្រសួង។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕