(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការផ្សព្វផ្សាយអំពីប្រធានបទព្រំដែនកម្ពុជា-ថៃ ក្នុងរយៈពេលចាប់តាំងពីដើមខែមិថុនា រហូតមកទល់ពេលនេះ គឺសារព័ត៌មានជាតិ និងអន្តរជាតិ បានទទួលព័ត៌មានប្រភពច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងក្រសួងព័ត៌មាន ដោយប្រភពទាំងនេះ ជាប្រភពផ្លូវការដែលផ្ដល់ព័ត៌មានបានទាន់ពេលវេលា និងជាប្រភពព័ត៌មានសុក្រឹតសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងក្នុងប្រទេស និងក្រៅប្រទេសបានយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិបានដឹងអំពីការវិវត្តនៃស្ថានភាពក្នុងការដោះស្រាយពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

លោកទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ផ្អែកតាមរបាយការណ៍នៃការតាមដានផ្សព្វផ្សាយព័ត៌មានលើប្រធានបទព្រំដែនរវាងកម្ពុជា-ថៃ ដែលចេញផ្សាយដោយសារព័ត៌មានជាតិ-អន្ដរជាតិ ដែលក្រសួងព័ត៌មាន បានតាមដានជាប្រចាំនេះ គឺទាំងសហគមន៍ជាតិនៅក្នុងទាំង២៥ រាជធានី ខេត្ដ ក៏ដូចជាសហគមន៍អន្ដរជាតិបានទទួលព័ត៌មានគ្រប់គ្រាន់ជុំវិញស្ថានភាពក៏ដូចជាការវិវត្ដនៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសការទទួលបាននូវព័ត៌មាន និងបានយល់ច្បាស់អំពីជំហររបស់រាជរដា្ឋភិបាលកម្ពុជាក្នុងការដាក់ចេញនូវយន្ដការនានា ចាំបាច់ក្នុងការដោះស្រាយដោយឈរលើមូលដ្ឋានសន្ដិភាព មិត្ដភាព និងកិច្ចសហប្រតិបត្ដិការ អភិវឌ្ឍន៍ ជាមួយប្រទេសកំពុងតែមានជម្លោះ ដើម្បីធ្វើយ៉ាងណារក្សានូវសុខដុមនីយកម្មសម្រាប់ប្រទេសទាំងពីរ។

អ្នកនាំពាក្យបានថ្លែងបញ្ជាក់ថា៖ «សម្រាប់ការផ្សព្វផ្សាយព័ត៌មានជូនដល់សហគមន៍អន្តរជាតិ អំពីការវិវត្តន៍នៃបញ្ហាព្រំដែននេះ គឺអង្គភាពសារព័ត៌មានឯកជនមួយចំនួនទៀតបានផលិត និងផ្សព្វផ្សាយមាតិកា បានទាន់ពេលវេលា ជាភាសាអង់គ្លេស ជាភាសាបារាំង ហើយក៏មានអង្គភាពសារព័ត៌មានមួយចំនួនទៀតនៅក្នុងស្រុកបានផលិតខ្លឹមសារជាភាសាចិន ក្នុងការចែកចាយ ជូនដល់សហគមន៍អន្តរជាតិនៅលើពិភពលោកបានទទួលព័ត៌មានផងដែរ»

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបន្ថែមថា សម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន រាល់ការចេញផ្សាយទាំងអស់គឺបានបញ្ជូនសារព័ត៌មានរបស់ខ្លួនទៅតាមស្ថានទូតរបស់កម្ពុជានៅបណ្ដាប្រទេសចំនួន១៨ ក្នុងពិភពលោក ហើយក៏បានសហការជាមួយដៃគូទីភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សព្វផ្សាយនៅតាមបណ្តាប្រទេសទាំងនោះចំនួន១៦ថែមទៀត ដែលបានបញ្ចេញព័ត៌មានចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពាក់ព័ន្ធនឹងប្រធានបទបញ្ហាព្រំដែននេះ។

បន្ថែមពីនេះក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានកម្ពុជាទាំងអស់ ដែលបានរួមគ្នាជាធ្លុងមួយ សំឡេតែមួយ ដើម្បីផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ ប្រកាន់នូវប្រភពព័ត៌មានច្បាស់លាស់។ អ្នកសារព័ត៌មាននៅកម្ពុជា បានរួមគ្នាប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត ដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ខណៈការផ្សព្វផ្សាយព័ត៌មានពេលខ្លះលឿន ប៉ុន្តែ មិនមានប្រភពច្បាស់លាស់នឹងនាំឱ្យមានការយល់ច្រឡំ ជាពិសេសនៅក្នុងដំណាក់កាលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ដូច្នេះ ការផ្ទៀងផ្ទាត់ និងប្រកាន់នូវគោលជំហរប្រភពព័ត៌មាន ត្រឹមត្រូវ ច្បាស់លាស់ ជាមូលដ្ឋានដើម្បីធានាបាននូវស្ថិរភាព សន្តិភាព មិត្តភាព មិនបង្កចលាច មិនធ្វើឱ្យប្រជាពលរដ្ឋមានភាពស្លន់ស្លោ ដូចនេះសូមឱ្យបងប្អូនប្រជាលរដ្ឋបន្តតាមដានព័ត៌មានទាក់ទងការវិវត្តថ្មីចំពោះស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវ និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយប្រកបដោយសន្តិវិធី ខណៈរាជរដ្ឋាភិបាលកម្ពុជាដែលបានបោះជំហានដ៏ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងការងារនេះមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការផ្សព្វផ្សាយព័ត៌មាន ដោយស្វែងរកប្រភពឱ្យបានច្បាស់លាស់។ ចំណុចនេះគោលការណ៍សំខាន់ដែលត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួន គឺប្រភពព័ត៌មានរបស់រាជរដ្ឋាភិបាល សារដែលត្រូវបញ្ចេញសម្រាប់ផ្សព្វផ្សាយជាផ្លូវការ គឺជាសារតែមួយដែលជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់ការ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។

«ប្រភពព័ត៌មានរបស់កម្ពុជា គឺមានសណ្តាប់ធ្នាប់ និងមានភាពច្បាស់លាស់ មានភាពចាស់ទុំក្នុងការងារគ្រប់គ្រងព័ត៌មាន មានសំលេងតែមួយ សារតែមួយជុំវិញស្ថានភាពពិត ជាក់ស្តែងពីបញ្ហាព្រំដែន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ចំពោះការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមតាមបណ្តាញសង្គម សូមប្រជាពលរដ្ឋកុំជឿទុកចិត្តឱ្យសោះពីព្រោះក្រុមជនអគតិទាំងនោះតែងតែប្រើប្រាស់ និងបំផ្លាញកម្ពុជាតាមរយៈឱ្យដៃទៅជនបរទេស ក្បត់ជាតិខ្លួនឯង៕