(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Cellcard របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាប្រតិបត្តិករទូរគមនាគន៍ដ៏ធំមួយនៅកម្ពុជា បានប្រកាសគាំទ្រការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបញ្ចប់ការផ្គត់ផ្គង់អ៉ីនធឺណិតពីថៃ ចាប់ពីម៉ោង១២យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥តទៅ។
ក្រុមហ៊ុននេះ ចាត់ទុកការសម្រេចដ៏មុះមុតនេះ គឺជាជំហានដ៏ធំមួយឆ្ពោះទៅរកអនាគតឌីជីថលដែលកាន់តែ រឹងមាំ និងឯករាជ្យភាពលើខ្លួនឯង។
សេចក្តីថ្លែងការណ៍របស់ Cellcard បានលើកឡើងដូច្នេះថា សែលកាត មានមោទនភាពក្នុងការគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឯករាជ្យភាពឌីជីថលពេញលេញ តាមរយៈការបង្វែរទិសដៅ International IP Transit របស់កម្ពុជា។ នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកអនាគតឌីជីថលដែលកាន់តែ រឹងមាំ និងឯករាជ្យភាពលើខ្លួនឯង។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា៖ «នេះគឺជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់អនាគតឌីជីថលរបស់ កម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនខ្មែរ សែលកាតប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលដែលមានអធិបតេយ្យភាព សុវត្ថិភាព និងលំដាប់ពិភពលោកសម្រាប់ប្រទេសជាតិ របស់យើង ដោយកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ និងធានាបាននូវភាពធន់របស់ជាតិកាន់ តែខ្ពស់»។
លោក យ៉ាប់ កុក លឿង នាយកប្រតិបត្តិរងក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ «ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ សែលកាតនឹងបង្វែរទិសដៅ International IP Transit។ ខណៈពេលដែលយើងមានគោលបំណងកាត់បន្ថយផលប៉ះពាល់ឱ្យតិចបំផុត លោកអ្នកអាច នឹងចួបប្រទះការរំខានបណ្តោះអាសន្ន ដូចជាល្បឿនយឺត ឬការដាច់បណ្តាញជាបណ្តោះអាសន្ន មិនថាលើទូរស័ព្ទចល័ត WiFi តាមផ្ទះ ឬសេវាអ៊ីនធឺណិតសម្រាប់ សហគ្រាស។ ភាពរអាក់រអួលទាំងនេះ គឺកើតមានតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីស្ដារសេវាពេញលេញឡើងវិញឱ្យបានលឿនបំផុត»៕