(ន័រវែស)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រន័រវែស លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិកា​រដ្ឋានអាស៊ាន​មកបំពេញទស្សនកិច្ចការងារ​នៅប្រទេស​ន័រវែស នៅក្នុងពេលបំពេញទស្សនកិច្ចនោះ នាថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងអូស្លូ ប្រទេសន័រវែស លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការ​អាស៊ានប្រចាំទីក្រុងអូស្លូ (ACO)។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណដល់គណៈកម្មាធិការសម្រាប់តួនាទីដ៏សកម្ម និងការចូលរួមចំណែកដល់ការលើកកម្ពស់មុខមាត់ និងភាពមើលឃើញឱ្យកាន់តែច្បាស់ពីអាស៊ាន នៅក្នុងប្រទេសន័រវែស ព្រមទាំង ការពង្រឹងទំនាក់ទំនងរវាងអាស៊ាន ជាមួយន័រវែស លោកក៏បានចែករំលែកទស្សនៈជុំវិញមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូសន្ទនាតាមវិស័យអាស៊ាន-ន័រវែស ព្រមទាំងបានជម្រាបជូនគណៈកម្មាធិការនេះ អំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ានផងដែរ។

បន្ទាប់ពីជំនួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងអូស្លូរួច លោកបណ្ឌិត កៅ គឹមហួន ក៏បានថ្លែងសន្ទរកថា នៅក្នុងពិធីទទួលទានអាហារជុំគ្នាជាមួយ ACO និងតួអង្គពាក់ព័ន្ធសំខាន់ៗផ្សេងទៀត រួមទាំង សមាគមធុរកិច្ចអាស៊ាន-ន័រវែស ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ាន ក្នុងការពង្រឹងភាពជាដៃគូជាមួយន័រវែស នៅពេលអនាគត។

នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងអូស្លូ ប្រទេសន័រវែស លោកបណ្ឌិត កៅ គឹមហួន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jonas Gahr Støre នាយករដ្ឋមន្ត្រីន័រវែស។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញការវិវត្តន៍នៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានពិភាក្សារិះរកវិធីដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ន័រវែស ស្របពេលដែលអាស៊ាន និងន័រវែស ប្រារព្វខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃភាពជាដៃគូសន្ទនាតាមវិស័យអាស៊ាន-ន័រវែស នៅឆ្នាំនេះ។

នាពេលនោះដែរលោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី Cecilie Myrseth រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ន័រវែស។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការ​ពិភាក្សាជុំវិញការវិវត្តន៍សេដ្ឋកិច្ច​សកលនាពេលបច្ចុប្បន្ន ព្រមទាំងបានស្វែងរកមធ្យោបាយជាក់លាក់ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងន័រវែស រួមទាំងតាមរយៈការបង្កើន​កិច្ចសហប្រតិបត្តិការ​លើការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចលំហសមុទ្រ ឌីជីថលនីយកម្ម និងការបង្កើតផែនការការងារ ដើម្បីអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ជាដើម។

នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងអូស្លូ ប្រទេសន័រវែស លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយសមាជិកសភាន័រវែស ដឹកនាំដោយលោកស្រី Åslaug Sem-Jacobsen ។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរពីការចូលរួមដ៏សកម្មរបស់សមាជិកសភាន័រវែស ក្នុងនាមជាអ្នកសង្កេតការណ៍របស់អន្តរសភាអាស៊ាន (AIPA) និងសម្រាប់ការចូលរួមចំណែក​ចំពោះការជំរុញកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចបៃតង និងខៀវ។

លោកបណ្ឌិត កៅ គឹមហួន ក៏បានថ្លែងអំណរគុណលោកស្រី ដែលបានចូលរួមក្នុងវេទិកាថ្នាក់ដឹកនាំនយោបាយជាស្ត្រីរបស់សមាជិកសភាជាស្ត្រីរបស់អន្តរសភាអាស៊ាន (WAIPA) នៅក្នុងមហាសន្និបាត AIPA កាលពីខែតុលា ឆ្នាំ២០២៤ ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងន័រវែស នៅក្នុងសមាភាពយែនឌ័រ និរន្តភាព និងកំណើនប្រកបដោយបរិយាប័្នន។ លោក ក៏បានគូសបញ្ជាក់​ពីសារៈសំខាន់​នៃកិច្ចសហការរវាងអាស៊ាន និងន័រវែស ក្នុងការធ្វើឱ្យអាទិភាពរបស់អង្គការនីតិបញ្ញត្តិ និងនីតិប្រតិបត្តិស៊ីគ្នា ហើយបានបញ្ជាក់ឡើងវិញពីការគាំទ្ររបស់អាស៊ាន ឱ្យមានការចូលរួមកាន់តែស៊ីជម្រៅ​នៅក្នុងសភាន័រវែស តាមរយៈ AIPA ។

នៅរសៀលថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោកស្រី Erna Solberg អនុប្រធានគណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) មកពីសភាន័រវែស។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ន័រវែស នៅក្នុងអាស៊ាន ក្នុងនាមជាដៃគូសន្ទនាតាមវិស័យ និងជាអ្នកសង្កេតការណ៍នៅក្នុង AIPAដោយគូសបញ្ជាក់​ពីតួនាទីយ៉ាង​សកម្ម នៅក្នុងការជំរុញនិរន្តភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័្នន។

លោកបណ្ឌិត កៅ គឹមហួន ក៏បានទទួលស្គាល់ពីការគាំទ្ររបស់ន័រវែស ចំពោះការបង្កើតការដឹកជញ្ជូនបៃតងនៅក្នុងអាស៊ាន ហើយបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ​កាន់តែខ្លាំងក្លា​នៅក្នុងវិស័យផ្សេងទៀត ដូចជា សន្តិសុខនយោបាយ និងសេដ្ឋកិច្ចជាដើម។ លោកក៏បានគូសបញ្ជាក់ពីការគាំទ្រររបស់អាស៊ានឱ្យមានការពង្រឹងកិច្ចសហការ ជាមួយសភាន័រវែស តាមរយៈ AIPA ជាពិសេស ធ្វើឱ្យអាទិភាពរបស់អង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិស៊ីគ្នា ដើម្បីសន្តិភាព និងវិបុលភាពតំបន់។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល រៀបចំដោយវិទ្យាស្ថានកិច្ចការអន្តរជាតិរបស់ន័រវែស (NUPI) ។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានពិភាក្សាអំពីអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន រួមទាំង អាស៊ានឆ្នាំ២០៤៥៖អនាគតរួមគ្នារបស់យើង ព្រមទាំងបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញការវិវត្តន៍ក្នុងតំបន់ និងសកលលោក ដែលជាការចាប់អារម្មណ៍របស់អ្នកចូលរួម។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថានៅមជ្ឈមណ្ឌលភូមិសាស្ត្រនយោបាយរបស់ន័រវែស របស់វិទ្យាស្ថានកិច្ចការអន្តរជាតិរបស់ន័រវែស (NUPI) ។ បាឋកថា បានផ្តោតលើការវិវត្តន៍​ចុងក្រោយ​នៅក្នុងអាស៊ាន ព្រមទាំងបានបង្ហាញពីកាលានុវត្តភាព និងការប្រឈមនានា សម្រាប់ទំនាក់ទំនងអាស៊ាន-ន័រវែស។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន ក៏បានពិភាក្សា និងបានធ្វើការផ្លាស់ប្តូរទស្សនៈជាមួយអ្នកចូលរួម ស្តីពីបញ្ហាតំបន់ និងសកលមួយចំនួនដែលកំពុងលេចឡើងពេលថ្មីៗ។

នៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងអូស្លូ ប្រទេសន័រវែស លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Espen Barth Eide រដ្ឋមន្ត្រីការបរទេសន័រវែស។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញទំនាក់ទំនងអាស៊ាន-ន័រវែស និងបានរិះរកវិធីដើម្បីធ្វើឱ្យភាពជាដៃគូ​សន្ទនាតាមវិស័យអាស៊ាន-ន័រវែសកាន់តែមានអត្ថន័យ។

នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងអូស្លូ ប្រទេសន័រវែស លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបជាមួយលោក Sergiy Kyslytsya អនុរដ្ឋមន្ត្រីការបរទេសទី ១ អ៊ុយក្រែន នាឱកាសមកចូលរួមក្នុងវេទិកាទីក្រុងអូស្លូឆ្នាំ២០២៥ ។ នៅក្នុងឱកាសនោះភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈ ជុំវិញទំនាក់ទំនងបច្ចុប្បន្នរវាងអាស៊ាន និងអ៊ុយក្រែន ព្រមទាំងបានសង្កត់ធ្ងន់​អំពីសារៈសំខាន់​នៃកិច្ចសហការកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងបន្ថែមទៀត រវាងអាស៊ាន និងអ៊ុយក្រែន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទាំងសងខាង។

នៅព្រឹកថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួម និងថ្លែងសន្ទរកថា ក្នុងវេទិកាទីក្រុងអូស្លូឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំ កាត់បន្ថយហានិភ័យការបាត់បង់សណ្តាប់ធ្នាប់៖ មធ្យោបាយរបស់អាស៊ី សម្រាប់ការបង្ការ និងគ្រប់គ្រងជម្លោះ/ Derisking disorder: Asia’s playbook for conflict prevention and management។

នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Bergen ប្រទេសន័រវែស លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបជាមួយតំណាងក្រុមហ៊ុន និងស្ថាប័នមួយចំនួន ដើម្បីពិភាក្សាអំពី​សេដ្ឋកិច្ចខៀវ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញការជំរុញការចូលរួមចំណែករបស់វិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែស នៅក្នុងសេដ្ឋកិច្ចខៀវ ដើម្បីជាប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងសងខាង។

នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Bergen ប្រទេសន័រវែស លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញទៅទស្សនានៅក្រុមហ៊ុន BIR AS ដែលជាក្រុមហ៊ុនគ្រប់គ្រង​កាកសំណល់ដ៏ធំ​ជាងគេមួយរបស់ន័រវែស ដែលមានមូលដ្ឋាននៅទីក្រុង Bergen ។ ទស្សនកិច្ចនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងន័រវែស ពាក់ព័ន្ធនឹងដំណោះស្រាយគ្រប់គ្រងកាកសំណល់ប្រកបដោយភាពច្នៃប្រឌិត ដែលប្រទេសន័រវែស គឺជាតួអង្គដ៏សំខាន់នៅក្នុងវិស័យគ្រប់គ្រងកាកសំណល់នេះ៕