(ព្រះវិហារ)៖ ក្នុងគ្រាប្រទេសជាតិប្រឈមវិវាទព្រំដែនជាមួយប្រទេសជិតស្មារតីរួប រួមគ្នាជាធ្លុងរវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកិច្ចការដ៏ចាំបាច់ដើម្បីពង្រឹងខឿនការពារជាតិ និងទឹកដី។

ផ្តើមចេញពីស្មារតីដ៏មុះមុតនេះហើយបើទោះបីចំណាយពេលធ្វើដំណើរជិត២០ម៉ោង ពីប្រទេសបារាំង ឆ្ពោះមកកាន់ប្រទេសកម្ពុជា ក្នុងដំណើរអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បំពេញការងារនៅប្រទេសបារាំងនោះ ប៉ុន្តែមិនបានធ្វើឱ្យលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឿយហត់ ឬអស់កម្លាំងនោះឡើយ។

ម៉ោង៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា លោករដ្ឋមន្ត្រី បានអមសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់ប្រទេសរួចហើយភ្លាម ក៏បន្តដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងអាហារ របស់សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់កងទ័ពដែលកំពុងឈរជើងការពារជាតិ និងទឹកដីយ៉ាងអង់អាចក្លាហានបំផុតនោះ។

ក្រោមភ្លៀងរលឹមស្រេចៗ លោកបណ្ឌិត អ៊ាង សុផល្លែត បានរំលេចស្នាមញញឹម ក្តីរីករាយជាមួយនឹងការបានចូលរួមចំណែកជាមួយកងទ័ពក្នុងកិច្ចការពារទឹកដី។ នៅចំពោះមុខកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូននាយទាហានា នាយទាហានរង ពលទាហាន ដែលកំពុងឈរជើងការពារទឹកដី។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្រុមគ្រួសារបរិស្ថាន បានចាត់ទុកបងប្អូនកងទ័ពទាំងអស់ដែលជាយុទ្ធជនជួរមុខសុទ្ធសឹងជាបងប្អូនបង្កើត សាច់មួយ ឈាមមួយ។

«ទោះបីជាមិនបានកើតក្នុងផ្ទៃម្ដាយតែមួយ ប៉ុន្ដែ យើងកើតជាកូនខ្មែរតែមួយ ជាតិខ្មែរតែមួយ ត្រួវរួមសុខទុក្ខជាមួយគ្នា។ ក្នុងន័យនេះ សុខទុក្ខរបស់បងប្អូនយុទ្ធជនទាំងអស់ គឺជា សុខ ទុក្ខរបស់យើងទាំងអស់គ្នា។ ដូច្នេះបងប្អូនយុទ្ធជនទាំងអស់ ទទួលនូវការគោរព ស្រឡាញ់ជាបងប្អូនបង្កើតរបស់ពួកយើងទាំងអស់គ្នាផងដែរ»។ នេះជាការគូស រំលេច របស់លោក អ៊ាង សុផល្លែត អមដោយអារម្មណ៍រំជើបរំជួលផង។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបន្តថា «ក្នុងនាមជាបង ក្នុងនាមជាប្អូនសូមគោរពអរគុណ និងដឹងគុណជាអនេកជូនចំពោះរៀមច្បង និងបងប្អូនទាំងអស់កំពុងឈរជើងនៅជួរមុខ ដែលបានការពារ ថែរក្សាទឹកដីរបស់កម្ពុជា ជាកេរដំណែលដូនតាបន្សល់ឱ្យកូនខ្មែរជំនាន់ក្រោយ»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានជូនពរ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ លើលោកសូមឱ្យជួយថែរក្សាបងប្អូនឱ្យទទួលបានជោគជ័យ ទប់ស្កាត់ជនឈ្លានពានដែលមានបំណងឈ្លានពានយកដីរបស់របស់កម្ពុជា និងត្រូវធ្វើយ៉ាងណាការ ពារថែរក្សាឱ្យខានតែបាននូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាកេរតំណែលបន្សល់ទុកឱ្យកម្ពុជា ពីស្ថាបនិក អគ្គមគ្គទេសក៍ឯក និងប្រតិបត្ដិករនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន និងដើម្បីអនុវត្តតាមគោលការណ៍ ដ៏ម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យបានជោគជ័យជាដាច់ខាត។

លោកបណ្ឌិត អ៊ាង សុផល្លែត ជំនួសមុខឱ្យគណៈប្រតិភូក្រសួងបរិស្ថាន ជាពិសេសក្នុងនាមប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈដែលត្រូវបាននាំមកប្រគល់ជូននាពេលនេះបានថ្លែងអំណរគុណ និងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូនាំជូនកងទ័ពនៅខ្សែត្រៀមជួរមុខទិសប្រាសទព្រះវិហារ រួមមាន៖ អង្ករ ត្រីខមី រួមជាមួយនិងគ្រឿង ឧបភោគបរិភោគ ជាច្រើនទៀតផងដែរ។

នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងនាមកងកម្លាំងកម្ពុជា បានថ្លែងអំណរគុណៈប្រតិភូ ដែលបានមកចុះសួរសុខទុក្ខ និងនាំយកអំណោយរួមជាមួយ គ្រឿងឧបភោគបរិភោគជូនដល់កងទ័ព។ កាយវិការនេះបង្ហាញពីទឹកចិត្ត និងការស្រលាញ់រាប់អាន ជាមួយនិងប្រតិភូ ក៏ដូចជាប្រជាពលរដ្ឋ និងសូមឱ្យប្រជា ពលរដ្ឋទុកចិត្តទៅលើកងកម្លាំងរបស់យើងដែលកំពុងឈរជើង មានស្មារតីក្លាហាន មានការលះបង់ខ្ពស់ចំពោះជាតិ និងទឹកដី មានភាពស្មោះត្រង់ និងគោរពទៅតាមបទបញ្ជារបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច៕