(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាលនៃធនាគារ ARDB (មជ្ឈមណ្ឌល APM) និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (មជ្ឈមណ្ឌលឧត្តមភាព ARDB ACE-GFA)។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នៅស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព និងលើកទិសដៅការងារបន្ទាប់របស់ក្រុមការងារស្រាវជ្រាវទាំងពីរ។
អង្គប្រជុំបានពិភាក្សាពីការចាត់តាំងសមាជិកតំណាងពីធនាគារ ARDB ចូលទៅក្នុងក្រុមការងារស្រាវជ្រាវ Special Interest Groups (SIGs) នៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP), ដែលត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសំខាន់ៗនៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតប្រតិភូ បានលើកទឹកចិត្តក្រុមការងារទាំងពីរបង្កើតឱ្យមានទម្លាប់សរសេរ ស្រាវជ្រាវ និងបោះផ្សាយ ដែលនឹងរួមចំណែកក្នុងការសម្រេចគោលដៅរបស់ធនាគារ ក៏ដូចជាលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពរបស់បុគ្គលិកផងដែរ៕