(បាត់ដំបង)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកដល់លោកយាយចាស់ជរាម្នាក់ ដែលដើរធ្វើលំអងចេកលក់យកប្រាក់មកចិញ្ចឹមចៅប្រុសពីរនាក់តូចៗនៅក្នុងបន្ទុក ដែលរស់នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ការចុះទៅផ្ដល់អំណោយភ្លាមៗនេះ គឺបន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឃើញព័ត៌មានលោកយាយខាងលើនេះក្នុងបណ្តាញសង្គម ដែលកំពុងរងការខ្វះខាតជាខ្លាំង។ លោកយាយដ៏កំសត់រូបនេះមានឈ្មោះថា ឯក យិន អាយុ៦៥ឆ្នាំ។

លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ដោយមើលឃើញពីស្ថានភាពលំបាករបស់លោកយាយ ឯក យិន មានមុខរបរធ្វើលំអងចេកលក់ចិញ្ចឹមចៅប្រុស២នាក់ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោកនិងសហការី ព្រមទាំងមានចូលរួមពីលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខាខេត្តបាត់ដំបង អនុសាខាស្រុកថ្មគោល បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូន លោកយាយ ឯក យិន។

លោកស្រីបានបន្តថា «ការចុះមកដល់ខ្នងផ្ទះនាពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយណែនាំដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា នាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃ និងដល់ខ្នងផ្ទះតែម្តង ហើយការយកអំណោយមកដល់ខ្នងផ្ទះនេះ គឺជាការលើកទឹកចិត្ត និងបញ្ជាក់ថាពួកគាត់មិននៅឯកកោ និងមិនទទួលបានការយកចិត្តទុកដាក់ដែលបណ្តាលឱ្យដាច់ស្បៀងនោះទេ ជាងនេះទៅទៀតការចុះមកដល់ខ្នងផ្ទះនេះផងដែរ ក៏ដើម្បីបានដឹងពីស្ថានភាពជីវភាព និងការរស់នៅកាន់តែច្បាស់បន្ថែមទៀត»

លោកស្រី ពុំ ចន្ទីនី បានឱ្យដឹងទៀតថា «ស្របពេលដែលចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកដល់លោកយាយ ឯក យិន យើងក៏បានជួបលោកយាយម្នាក់ទៀត ដែលជាអ្នកជិតខាងរបស់លោកយាយឯក យិន គឺមានស្ថានភាពខ្វះខាតលំបាក ដូច្នេះក៏បានសម្រេចផ្តល់អំណោយជូនភ្លាមៗដល់លោកយាយ អឿន យាន ដែលជាអ្នកជិតខាងរបស់លោកឯក យិនខាងលើនេះ»

ក្នុងឱកាសនោះលោកយាយ ឯក យិន និងលោកយាយ អឿន យាន បានសម្ដែងអារម្មណ៍រំភើបក្តុកក្តួលឥតឧបមា ដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែ។ នៅចំពោះមុខនេះ លោកយាយទាំងពីររូបខាងលើ និងក្រុមគ្រួសារ បានថ្លែងគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕