(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ស្នើមន្ត្រីរាជការ កងកម្លាំងប្រដាវុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ច្រៀបព័ត៌មានក្លែងក្លាយ ដែកជាបញ្ហាប្រឈម និងគ្រោះថ្នាក់បំផុតក្នុងសង្គមជាតិយើង ឱ្យដល់ប្រជាពលរដ្ឋ ជៀសវាងកុំឱ្យមានការយល់ច្រឡំ ពិសេសអ្នកប្រើបណ្តាញសង្គម ដែលនឹងងាយទទួលរងឥទ្ធិពលជាងគេ។
លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានមានប្រសាសន៍លើកឡើងដូចនេះ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News!» នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកែប ដោយចូលរួមពីលោក លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែបលោក-លោកស្រី តំណាងសាលាដំបូងខេត្ត តំណាងអយ្យការការអមសាលាដំបូងខេត្ត អភិបាលរងខេត្ត ជួរថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ កញ្ញាធរ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ក្រុមយុវជន សិស្សនិស្សិត និងអ្នកសារព័ត៌មាន សរុបប្រមាណជិត៤០០នាក់។
លោកអភិបាលខេត្ត បន្តលើកឡើងទៀតថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅ លើបណ្តាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌ លើរាជរដ្ឋាភិបាល ឬមានចេតនាទាញយកផល ប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀត យុជនគឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។ ក្នុងនោះព័ត៌មានក្លែងក្លាយ រួមមាន៣ប្រភេទ មានព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនេះ បានរំខានដល់សណ្តាប់ធ្នាប់នយោបាយ និងសង្គមនៅជុំវិញពិភពលោក និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម។ ក្នុងនោះបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មាន ដែលមានចរិកបំភាន់ និងបំពុលសង្គម ហើយងាយបោកប្រាស់ប្រជាពលរដ្ឋ។ បើតាមកំណត់ត្រារបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ មានការបង្កើតព័ត៌មានក្លែងក្លាយចំនួន ៣៦៥១ មានការកើនឡើងរហូត១៤% បើធៀបឆ្នាំ២០២៣ មានចំនួន៣២០៨។
លោកអភិបាលខេត្ត បានគាំទ្រនូវយុទ្ធនាដែលដាក់ចេញដោយក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំង ជាមួយព័ត៌មានក្លែងក្លាយ។ លោកបានបន្តណែនាំដល់មន្ទីរព័ត៌មានខេត្តកែប ឲ្យបន្តធ្វើយុទ្ធនាការនេះ អោយបានសស្រាក់សស្រាំ រហូតដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបញ្ជ្រាប ពីបញ្ហាព័ត៌មានក្លែងក្លាយនេះដល់ប្រជាពលរដ្ឋទូទៅ។
លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអោយដឹងថា ក្រសួងព័ត៌មាន បានដាក់ចេញឲ្យអនុវត្តន៍នូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅទូទាំងប្រទេសរយ:ពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ដោយឡែកសម្រាប់មន្ទីរព័ត៌មានខេត្តកែប កំពុងអនុវត្តន៍នូវយុទ្ធនាការនេះ តាមរយ:ការចុះសម្ភាសន៍ប្រជាពលរដ្ឋ មន្រ្តីរាជការ ចុះចងបដាពាក្យស្លោកតាមមូលដ្ឋាន ហើយមន្ទីរនឹងបន្តធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់ នៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ នៅទូទាំងខេត្តកែប៕