(កណ្តាល)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលសម្ភារវេជ្ជសាស្ត្រ ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែល ជាជំនួយមនុស្សធម៌របស់ មូលនិធិសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ជូនដល់រដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយលោក គួច ចំរើន អភិបាលអភិបាលខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។

ពិធីប្រគល់-ទទួលនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៣ (ខេត្តកណ្តាល) ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងមន្ទីរជំនាញពាក់ព័ន្ធ និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ។

សំណេះសំណាលនាឱកាសនោះ លោក អ៊ុច បូររិទ្ធ បានថ្លែងពាំនាំការសួរសុខទុក្ខដោយនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាលទាំងអស់។

លោកបានគូសបញ្ជាក់ទៀតថា អំណោយមនុស្សធម៌ដែលយកមកជូនរដ្ឋបាលខេត្តកណ្តាលនាថ្ងៃនេះ គឺជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងការអនុវត្ត ដោយយកចិត្តទុកដាក់របស់គណៈកម្មការទី១០ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធ ស ភា ប្រចាំភូមិភាគទី៣ ដឹកនាំដោយលោក ម៉ម ប៊ុននាង បានស្វែងរកជំនួយឧបត្ថម្ភពីបណ្តាប្រទេសជាមិត្តបន្ថែមលើការងារស្នូលរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន ស្របនឹងទិសការងារ អាទិភាពចំនួន២ ដែលសម្តេចតេជោប្រធានព្រឹទ្ធសភា បានកំណត់ គឺការចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងអង្គបោះឆ្នោតក្នុងភូមិភាគរបស់ខ្លួន និងការអនុវត្តការទូតសភា ។

ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ គណៈប្រតិភូព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ នាំយកនូវសម្ភារវេជ្ជសាស្ត្រ ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់រដ្ឋបាលខេត្តកណ្តាលនាឱកាសនោះ។

អំណោយមនុស្សធម៌នេះ ជាសក្ខីភាពនៃការគិតគូរយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ក្នុងការរួមចំណែកដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះនៅមូលដ្ឋានឱ្យបានប្រសើរឡើង។

គួរបញ្ជាក់ថា យោងតាមអនុស្សរណៈនៃការយោគយល់រវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈកូរ៉េ អំណោយមនុស្សធម៌ដែលប្រគល់ជូនដល់ រដ្ឋបាលខេត្តកណ្តាលនាពេលនេះ មានទំហំទឹកប្រាក់ប្រមាណជា ១លានដុល្លារ ហើយនឹងបន្តផ្តល់ ជូនដល់រដ្ឋបាលខេត្តកណ្តាលបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៤លានដុល្លារសហរដ្ឋអាមេរិក ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៩ សំដៅចូលរួមលើកកម្ពស់ជីវភាពសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕