(តាកែវ)៖ នៅក្នុងឱកាសចុះពិនិត្យការកសាងផ្លូវតាមបណ្ដោយព្រំដែនប្រទេសវៀតណាម នៅក្នុងស្រុកបូរីជលសារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំអាជ្ញាធស្រុក សមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើល មិនត្រូវឲ្យមានការជួលដីស្រែឲ្យជនជាតិវៀតណាមចូលមកធ្វើនោះទេ។

អភិបាលខេត្តតាកែវ បានថ្លែងបន្តថា កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមខាត់ការជួលដីស្រែតាមបណ្ដោយព្រំដែនឲ្យជនបរទេស ដូច្នោះអាជ្ញាធពាក់ព័ន្ធរួមនិងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឲ្យបានច្បាស់លាស់ និងត្រូវណែនាំបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែច្រើនកុំឲ្យជួលឲ្យជនជាតិវៀតណាមចូលមកធ្វើ ព្រោះវាបង្កផលលំបាក និងបង្កភាពស្មុគស្មាញពាក់ព័ន្ធទៅនិងការជួលដីស្រែនេះ។

អភិបាលខេត្តតាកែវ បានបន្ថែមថា «ពាក់ព័ន្ធរឿងជួលដីស្រែឲ្យជនបរទេសនេះ បើមានមន្រ្តីណាឃុបឃិតឲ្យមានការជួលដីស្រែឲ្យជនបរទេសចូលមកធ្វើគឺត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ»

នៅក្នុងឱកាសនោះលោក វ៉ី សំណាង ក៏បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍន៍ដើម្បីលើក កម្ពស់សេដ្ឋកិច្ចគ្រូសាររបស់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេសការកសាងផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីកម្ពុជា៕