(ភ្នំពេញ)៖ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ចំនួនទឹកប្រាក់៣០ម៉ឺនដុល្លារអាមេរិក។ ដើមចមដែលនាំឲ្យលោកចៅសង្កាត់ចាក់អង្រែលើ ធ្លាក់ខ្លួនចេញសែកស្អុយជាង៣០ម៉ឺនដុល្លារ គឺដោយសារចាញ់ល្បិចលោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ប្រើល្បិចយកដីជាប់អនុក្រឹត្យមកលល់ឲ្យអ្នកដទៃ ហើយលោកចៅសង្កាត់ធ្វើជាឈ្មួញកណ្ដាល។

សូមបញ្ជាក់ថា ករណីចោទប្រកាន់នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោយយោងតាមអធិបញ្ជារបស់មហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ​។

ក្រោយចៅសង្កាត់ចាក់អង្រែលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន លោកឧត្តមសេនីយ៍ឯក ស ថាវី ខ្លួនឯងដែលជាអ្នកយកដីជាប់អនុក្រឹត្យមកលក់ឲ្យអ្នកដទៃនេះ ក៏ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅតុលាការពីបទ «ឆបោក» នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះផងដែរ ហើយតុលាការបានកំហិតថា ក្នុងករណីលោក ស ថាវី មិនចូលខ្លួនទេនោះ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។

ផ្អែកតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៉ើបសួរ ដែលចុះហត្ថលេខាដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ស ថាវី បានចុះកិច្ចសន្យាស្ដីពី ការលក់-ទិញដីជាមួយឈ្មោះ កែវ សាវឿន ដែលមានទីតាំងស្ថិតនៅភូមិសំរោង, ភូមិសំរោងជើង, ភូមិ សំរោងត្បូង និងភូមិសំរោងកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានទំហំ ស្មើនឹង១០២,២១០ម៉ែត្រការ៉េ (ដប់ម៉ឺនពីរពាន់ពីររយដប់ម៉ែត្រការ៉េ) ក្នុងតម្លៃ១ម៉ែត្រការ៉េ ៤ដុល្លារ មានតម្លៃសរុប៤០៨,៨៤០ដុល្លារ។

ការទិញលក់នេះ ប្រើលក្ខខណ្ឌនៃការទូទាត់ប្រាក់ត្រូវបានបែងចែកចេញ ជា២ដំណាក់កាល ដោយ៖ ដំណាក់កាលទី១ ចំនួន១៥០,០០០ដុល្លារ និងដំណាក់កាលទី២ ចំនួន២៥៨,៨៤០ដុល្លារ។ ស្ថិតក្នុងការអនុវត្តកិច្ចសន្យានេះ នៅក្នុងដំណាក់កាលទី១ ឈ្មោះ ស ថាវី បានទទួលប្រាក់ពីឈ្មោះ កែវ សាវឿន ចំនួន១៥០,០០០ដុល្លារ និងប្រាក់ចំនួន៥០,០០០ដុល្លារ ផ្សេងទៀតដែលជាប្រាក់ សម្រាប់ចំណាយកិច្ចការផ្ទៃក្នុងផ្សេងៗ សរុបស្មើនឹង២០០,០០០ដុល្លារ។

ក្រោយពីការប្រគល់ប្រាក់ដំណាក់កាលទី០១មក ឈ្មោះ ស ថាវី ពុំបានបំពេញកាតព្វកិច្ចក្នុងការផ្ទេរកម្មសិទ្ធិនៅលើដីដល់ឈ្មោះ កែវ សាវឿន នោះទេ (ឈ្មោះ កែវ សាវឿន គឺជាអ្នកតំណាងឲ្យលោកឧកញ៉ា ជា សឿន ក្នុងការទិញដីខាងលើ) នៅពេលនោះ ដោយលោកឧកញ៉ា ជា សឿន ពុំឃើញមានដីប្រគល់ឲ្យគាត់ គាត់ក៏បានទាមទារប្រាក់វិញ ចំនួន៥០០,០០០ដុល្លារ ប៉ុន្តែដោយសារឈ្មោះ កែវ សាវឿន ពុំមានប្រាក់សម្រាប់ប្រគល់ឲ្យលោកឧកញ៉ា ជា សឿន វិញ ឈ្មោះ កែវ សារឿន ក៏បានទៅខ្ចីប្រាក់ពីលោកស្រី ខៀវ លក្ខិណា ចំនួន២១០,០០០ដុល្លារ ដោយបានកំណត់នៅអត្រាការប្រាក់ចំនួន៤ភាគរយ នៅក្នុងរយៈពេល១ខែ ដែលមានការប្រាក់ស្មើនឹង៤,៤០០ដុល្លារ ក្នុងមួយខែដែលឈ្មោះ កែវ សាវឿន ត្រូវបង់ឲ្យលោកស្រី ខៀវ លក្ខិណា ដើម្បីបញ្ចៀសនៅរឿងព្រហ្មទណ្ឌ។

ក្នុងរឿងនេះឈ្មោះ ស ថាវី ក៏បានដឹងឮ និងធ្លាប់ជួបលោកឧកញ៉ា ជា សឿន និងលោកស្រី ខៀវ លក្ខិណា ដោយមានការយល់ព្រមថា ឲ្យឈ្មោះ កែវ សាវឿន ដោះស្រាយសិនទៅចាំលក់ដីបាន ឈ្មោះ ស ថាវី នឹងដោះស្រាយទាំងប្រាក់ដើម និងការប្រាក់ទាំងអស់មកឲ្យឈ្មោះ កែវ សាវឿន តរហូតមកដល់បច្ចុប្បន្ននេះ ឃើញថាដីដូចមានក្នុងកិច្ចសន្យាខាងលើ ពុំមានដីដូចការធានាអះអាង និងអាចធ្វើការផ្ទេរសិទ្ធិណាមួយឡើយ ព្រោះដីនេះជាដីជាប់អនុក្រឹត្យ ដែលការណ៍ទាំងនេះ គឺធ្វើឲ្យខាតបង់ផលប្រយោជន៍លើឈ្មោះ កែវ សាវឿន យ៉ាងធ្ងន់ធ្ងរ។

នៅពេលនេះប្រាក់ដើមបូករួមទាំងការប្រាក់ស្មើនឹង៣៨៨,០០០ដុល្លារបាត់ទៅហើយ ដែលឈ្មោះ កែវ សាវឿន ត្រូវទទួលរ៉ាប់រងបង់ការប្រាក់ខាងលើតែម្នាក់ឯងដោយឈ្មោះ ស ថាវី ហាក់បីដូចជា គ្មានរឿងអ្វីទាល់តែសោះ ពោលគឺត្រឹមតែប្រើពាក្យថា «ចាំតែរដ្ឋាភិបាលឆ្កៀលដី និងលុបអនុក្រឹត្យ ទើបធ្វើការផ្ទេរសិទ្ធិបានបើរង់ចាំបាន ចាំសិនទៅ» បើគិតចាប់ពីថ្ងៃដែលបានចុះកិច្ចសន្យាស្តីពីការលក់ទិញដី មកដល់បច្ចុប្បន្នឃើញថា មានរយៈពេល៦ឆ្នាំមកហើយ នេះដោយសារតែសម្ដីឈ្មោះ ស ថាវី ចេះតែលួងលោមធ្វើឲ្យឈ្មោះ កែវ សាវឿន ជឿទុកចិត្ត ហើយឈ្មោះ កែវ សាវឿន មិនចង់ធ្វើការប្តឹងផ្តល់នោះទេ ព្រោះសុទ្ធសឹងតែជាអ្នករាប់អានគ្នាយ៉ាងជិតស្និតរយៈពេលជាយូរឆ្នាំមកហើយ។

អ្វីដែលសំខាន់នោះ គឺឈ្មោះ ស ថាវី មានចេតនាទុច្ចរិតមកលើឈ្មោះ កែវ សាវឿន ដែលជាអ្នករាប់អានគ្នាយ៉ាងជិតស្និតទៅវិញ ដោយគាត់ដឹង ច្បាស់ថាដីជាប់អនុក្រឹត្យនេះ មិនអាចធ្វើការផ្ទេរសិទ្ធិបាន ហើយឈ្មោះ ស ថាវី ដឹងតែពីទទួលប្រាក់ពីឈ្មោះ កែវ សាវឿន ដោយពុំបានគិតពីមនោសញ្ចេតនាឡើយ លុះមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឈ្មោះ កែវ សាវឿន បានធ្វើការជូនដំណឹងស្តីពីការទូទាត់ប្រាក់ទៅកាន់ឈ្មោះ ស ថាវី ដើម្បីឲ្យឈ្មោះ ស ថា ចូលខ្លួនមកដោះស្រាយ តែឈ្មោះនេះមិនបានចុះហត្ថលេខាទទួលលើលិខិតជូនដំណឹងទេ ដោយ គ្រាន់តែនិយាយប្រាប់មេធាវីគាត់ថា គាត់មកជួបជាមួយនឹងឈ្មោះ កែវ សាវឿន ដើម្បីដោះស្រាយផ្ទាល់ តែនេះគ្រាន់តែជាលេសរបស់ឈ្មោះ ស ថាវី ប៉ុណ្ណោះ ពោលគឺឈ្មោះនេះមិនដែលគោរពទៅតាមការសន្យារបស់គាត់ម្តងណាឡើយ ថែមទាំងលក់ដីជាប់អនុក្រឹត្យមកឲ្យឈ្មោះ កែវ សាវឿន ថែមទៀត។

ឈ្មោះ ស ថាវី នេះគឺហាក់បីដូចជាការរៀបចំគិតទុកជាមុន ដើម្បីលួងលោមឈ្មោះ កែវ សាវឿន ឲ្យចុះកិច្ចសន្យាជាមួយ ទាំងដែលគាត់ដឹងថា ដីនេះជាដីជាប់អនុក្រឹត្យ មិនអាចធ្វើការផ្ទេរសិទ្ធិបាននោះទ ហើយបានយកប្រាក់ពីឈ្មោះ កែវ សាវឿន ចំនួន២០០,០០០ដុល្លារ ដែលធ្វើឲ្យឈ្មោះ កែវ សាវឿន ត្រូវប្រឈមមុខទទួលខុសត្រូវជាមួយលោកឧកញ៉ា ជា សឿន ដែលគាត់បានប្រគល់ប្រាក់ ឲ្យឈ្មោះ កែវ សាវឿន សម្រាប់ធ្វើការទិញដីខាងលើពីឈ្មោះ ស ថាវី ដែលជាហេតុធ្វើឲ្យប៉ះពាល់ ទៅដល់កិត្តិយស, សេចក្ដីថ្លៃថ្នូរ និងផលប្រយោជន៍របស់ឈ្មោះ កែវ សាវឿន យ៉ាងធ្ងន់ធ្ងរ ព្រោះឈ្មោះ កែវ សាវឿន ត្រូវបង់ការប្រាក់ទៅឲ្យម្ចាស់បំណុលជារៀងរាល់ខែ។

សូមរំលឹកថា លោក ស ថាវី ជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ដែលធ្លាប់មានឈ្មោះនៅក្នុងបញ្ជីរបស់តុលាការ ហើយក៏ធ្លាប់ត្រូវបានតុលាការកោះហៅផងដែរនាពេលកន្លងទៅ ដោយបុគ្គលនេះបានប្រព្រឹត្ត និងឃុបឃិតគ្នាជាមួយបក្ខពួកពាក់ព័ន្ធករណីឆបោករឿងដីធ្លីនេះ។ ក្នុងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា, លោក ស ថាវី ក៏ត្រូវបានសាលាដំបូងខេត្តសៀមរាប កោះហៅទៅសួរនាំផងដែរ កាលពីឆ្នាំ២០២៤។

ដោយឡែកនៅឆ្នាំ២០២០ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កាលពីពេលនោះ តំណាងអយ្យការបានចោទប្រកាន់លោក ស ថាវី ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។

ទាក់ទិនសំណុំរឿងព្រហ្មទណ្ឌនេះ ឈ្មោះ កែវ សាវឿន ក៏បានស្នើសុំឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដោះស្រាយភាពមិនប្រក្រតីនៅតាមផ្លូវតុលាការ ដើម្បីសុំអន្ដរាគមន៍ផងដែរ។

ក្រោយទទួលការស្នើសុំ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានផ្ញើលិខិតទៅកាន់លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះឲ្យបានឆាប់រហ័ស និងឲ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានសង្កត់ធ្ងន់ថា ក្នុងករណីដែលមានឧបសគ្គ ឬបញ្ហា ក្នុងចំណាត់ការលើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត៕