(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះវិដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់សម្តេចដែលបានឆ្លៀតចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅទីក្រុងនីស ក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសបារាំង ចាប់ពីថ្ងៃទី៩-១១ ខែមិថុនាកន្លងទៅនេះ។

ឆ្លើយតបនឹងក្តីបារម្ភរបស់បងប្អូនខ្មែរនៅប្រទេសបារាំង ពីបញ្ហាព្រំដែនដែលកំពុងក្តៅនោះ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ពួកគាត់ថា «រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើង អោយបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយអោយអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង»

សម្តេចបវរធិបតី បានបង្ហោះវីដេអូអមដោយខ្លឹមសារយ៉ាងដូច្នេះថា៖ «មុនវិលត្រលប់មកប្រទេសកម្ពុជាវិញ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។

ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយ ដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើង ជាច្រើននៅទីនេះ។ ហើយខ្ញុំក៏សូមអរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះរូបខ្ញុំ ភរិយា និងក្រុមការងារ។

ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួន មានជាប់ជាប្រចាំ។ ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើង អោយកាន់តែរីកចំរើន ហើយកុំអោយមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភ ពីបញ្ហាព្រំដែនដែលកំពុងក្តៅ។

ខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី របស់យើងអោយបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយអោយអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង។ ថ្ងៃអង្គារ ទី១០ មិថុនា ២០២៥»