(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ​នឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ​ហើយក្រោយបញ្ចប់ការងារនៅប្រទេសបារាំង។

តបតាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញ​ចូលរួមសន្និសីទ អ.ស.ប. ស្ដីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុង​នីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហា​សមុទ្រ​​ប្រកបដោយ​ចីរ​ភាព»។

ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ សម្តេចមហាបវរធិបតី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រ​ពិភពលោក រួមមានការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រ​ដោយឥតឈប់ឈរ និងការរីករាលដាលនៃការបំពុលប្លាស្ទីក ការថយចុះយ៉ាងឆាប់រហ័ស​នៃជីវចម្រុះសមុទ្រ និងការទាញយកប្រយោជន៍ហួស​ហេតុពីធនធានសមុទ្រ ព្រមទាំងបានអំពាវនាវឱ្យមានសកម្មភាពឆាប់រហ័ស និងបន្ទាន់រួមជាមួយកិច្ចសហប្រតិបត្តិការឥតងាករ៉េក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនេះ។

កម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួន ក្នុងការការពារមហាសមុទ្រ រួមមាន ការពង្រីកតំបន់ការពារដែនសមុទ្រ ការពង្រឹងបទបញ្ញត្តិពាក់ព័ន្ធវិស័យជល​ផល​ប្រកបដោយនិរន្តរភាព និងការពង្រឹងសកម្មភាពប្រឆាំងនឹងការបំពុលសមុទ្រ ជា​ពិសេសផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃប្លាស្ទិកក្នុងសមុទ្រ។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់បន្ថែមអំពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០១៨ ដែល​ផ្តោតលើមុំចំនួនបី គឺភាពស្អាត, ភាពបៃតង និងនិរន្តរភាព ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សុខភាព និងការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ​របស់កម្ពុជា។

ចំពោះការបញ្ជាក់ពីការប្តេជ្ញាចិត្តលើពហុភាគីរបស់កម្ពុជា សម្តេចមហាបវរធិបតី មានប្រសាសន៍ថា កម្ពុជា តែងចូលរួមបោះឆ្នោតគាំទ្រយ៉ាងទៀងទាត់លើ​សេចក្តី​សម្រេចចិត្តស្ដីពី «មហាសមុទ្រ និងច្បាប់សមុទ្រ» ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាត អ.ស.ប.។ សម្តេចមហាបវរធិបតី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្ដល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងឱកាសក្នុងការ​ទទួលបានចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាសមុទ្រ និងធនធានសម្រាប់ការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងការអភិរក្សសមុទ្រ ដោយធានាថា «មិនទុកចោលប្រទេសណាមួយឡើយក្នុងកិច្ច​ខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្ររបស់យើង»។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងការគាំទ្រយ៉ាងពេញលេញ និង​ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមឯកភាពលើសេចក្តីប្រកាសនយោបាយ​សន្និសីទ UNOC3 ដើម្បីបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងសកម្មភាពមហាសមុទ្រ ប្រកបដោយសមូហភាពផ្អែកលើវិទ្យាសាស្ត្រ នវានុវត្តន៍ និងសមធម៌។

ក្នុងអំឡុងពេលនៃសន្និសីទនេះ កម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង​ស្ដីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (កិច្ចព្រមព្រៀង BBNJ) ក្នុងអំឡុងព្រឹត្តិការណ៍សន្ធិសញ្ញាពិសេសនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធាន​សមុទ្រនៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។

បន្ថែមលើនេះ កម្ពុជាបានចូលរួមការអំពាវនាវជាសកលដើម្បីប្រយុទ្ធ​នឹងការ​បំពុល​ដោយប្លាស្ទិក តាមរយៈការប្រកាសគាំទ្រ «សេចក្តីអំពាវនាវទីក្រុងនីស» ដែលផ្តួចផ្តើមដោយសមាជិកភាគច្រើននៃគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាល ពាក់ព័ន្ធការបំពុលដោយប្លាស្ទិក (Intergovernmental Negotiating Committee on Plastic Pollution - INC)។ កិច្ចខិតខំប្រឹងប្រែង​នេះនឹង​ជំរុញ​ឱ្យភាគីពាក់ព័ន្ធទាំងអស់ចាប់យកឱកាសជាប្រវត្តិសាស្ត្រ ដើម្បីសម្រេច​អនុម័ត​នូវសន្ធិសញ្ញាប្លាស្ទិកមួយ ប្រកបដោយមហិច្ឆិតា ភាពជាសកលប្រសិទ្ធភាព និងដែលចងកាតព្វកិច្ចនៅសម័យប្រជុំបន្ទាប់របស់ INC នាពេលខាង​មុខ​នេះ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងបញ្ចប់នូវការបំពុលដោយប្លាស្ទិក សម្រាប់អនាគតមនុស្សជំនាន់ក្រោយ និងផែនដីរបស់យើង។

ស្របពេលសន្និសីទ UNOC3 សម្តេចមហាបវរធិបតី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ និងប្រធានគណៈប្រតិភូនៃបណ្តា​ប្រទេស និងស្ថាប័ន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរួមមាន៖

១៖ ជំនួបជាមួយលោក Emmanuel MACRON ប្រធានាធិបតីបារាំង សម្តេច​មហាបវរ​ធិបតី បានអបអរសាទរប្រទេសបារាំង ចំពោះភាពជោគជ័យក្នុង​ការធ្វើ​ជាម្ចាស់ផ្ទះនៃសន្និសីទ UNOC3 ។ សម្ដេចមហាបវរធិបតី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការការពារបរិស្ថាន ដូចដែលបាន​បង្ហាញ​តាមរយៈការចុះហត្ថលេខារបស់កម្ពុជាលើ កិច្ចព្រមព្រៀង BBNJ។

លោកប្រធានាធិបតីបារាំង បានលើកទឹកចិត្តដល់កម្ពុជា និងរដ្ឋសមាជិកដទៃ​ទៀត ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់បំផុតនៅមុនសម័យ ប្រជុំ​លើកទី៨០ នៃមហាសន្និបាតអ.ស.ប.។ ទន្ទឹមនឹងការប្តេជ្ញាចិត្តក្នុងការរៀបចំ​នីតិវិធីបន្ត ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ សម្ដេចមហាធិបតី បានសម្តែងការពេញចិត្តយ៉ាងខ្លាំង សម្រាប់ការបន្តគាំទ្ររបស់ប្រទេសបារាំង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី​ ដែលកំពុងរីកចម្រើន ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការរៀបចំផែនទី​បង្ហាញផ្លូវសម្រាប់ទំនាក់ទំនងបារាំង-កម្ពុជា ក្នុងគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ លោកប្រធានាធិបតី បានកោតសរសើរដល់ប្រតិបត្តិការថែរក្សាសន្តិភាពរបស់កម្ពុជាក្រោមឆ័ត អ.ស.ប. និងបានទទួលស្គាល់ជំនាញរបស់កម្ពុជា​ក្នុងការដោះមីន។

លោកប្រធានាធិបតី នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ភាគីទាំងពីរក៏បាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង​ក្របខ័ណ្ឌពហុភាគី រួមទាំងតួនាទីយ៉ាងសកម្មរបស់បារាំងក្នុងនាមជាដៃគូអភិវឌ្ឍន៍​អាស៊ាន និងជំនួយបច្ចេកទេសសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនីលើកទី២០ នៅទីក្រុងសៀមរាប ក្នុងឆ្នាំ២០២៦។

សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ទន្ទឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅ​ចំពោះ​ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីនៅកម្ពុជា ក្នុង​ឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែល​មាន​ផលប្រយោជន៍ទៅវិញទៅមក។

២៖ ជំនួបពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុម​ប្រឹក្សា​អឺរ៉ុប សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាមានកិច្ចសហប្រតិបត្តិការ​ប្រកបដោយថាមវន្តជាមួយសហភាពអឺរ៉ុប និងរដ្ឋសមាជិកនៅលើវិស័យ​ជា​ច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅ​កម្ពុជា។

សម្ដេចមហាបវរធិបតី បានឆ្លៀតឱកាសរំលេចអំពីការចម្រើនរបស់កម្ពុជានៅ​ក្នុង​ការគ្រប់គ្រងវិស័យនេសាទប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុង​ការសម្រេចឱ្យបាននូវការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០ភាគរយ នៅឆ្នាំ២០៣០ និងសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ជាការឆ្លើយ​តប លោក António Costa បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហភាពអឺរ៉ុប-កម្ពុជា និងអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ក្នុងការ​កសាងនូវក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងច្បាប់ស្តីពីជលផល។ មុននឹងបញ្ចប់ជំនួប លោក António Costa ក៏បានអញ្ជើញសម្ដេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចស្ថាប័នសហភាពអឺរ៉ុប នាទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកទំនាក់ទំនងសហភាព​អឺរ៉ុប និងកម្ពុជា ហើយសម្តេចមហាបវរធិបតី បានសម្តែងការរីករាយ​ក្នុងការទទួលយកការអញ្ជើញនេះ។

៣៖ ជំនួបជាមួយលោក Emomali Rahmon ប្រធានាធិបតីតាហ្ស៊ីគីស្ថាន សម្តេចមហាបវរធិបតី បានរំលឹកឡើងវិញពីជំនួបទ្វេភាគីដ៏កក់ក្តៅរវាងសម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតី Rahmo​n កាលពីឆ្នាំ២០១៩ កន្លងទៅនៅប្រទេសតាហ្ស៊ីគីស្ថាន។ ខណៈដែលឆ្នាំនេះ ជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-តាហ្ស៊ីគីស្ថាន ថ្នាក់ដឹកនាំទាំងពីរ​បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជាតិទាំងពីរ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។

ថ្នាក់ដឹកនាំទាំងពីរ បានលើកទឹកចិត្តឱ្យមានការចាប់ផ្តើមរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីឱ្យបានឆាប់ ដើម្បីស្វែងរកមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ ថ្នាក់ដឹកនាំទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្ត​ពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមមានថាមពលស្អាត កសិកម្ម និងអប់រំ។ល។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សាលោកប្រធានាធិបតី Rahmon បានអញ្ជើញសម្ដេចមហាបវរធិបតី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតា​ហ្ស៊ីគីស្ថាន ហើយសម្តេចមហាបវរធិបតី បានទទួលយកការអញ្ជើញដោយក្តីរីករាយ។

៤៖ ជំនួបជាមួយលោក Robert Beugré Mambé នាយករដ្ឋមន្ត្រីកូតឌីវរ័ សម្ដេចមហាបវរធិបតី បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹង​ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកូតឌីវ័រ និងបានរំលឹកឡើងវិញ ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Mambé នៅរាជធានីភ្នំពេញ កាលពីឆ្នាំ​២០១៩។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើវិស័យសក្តានុពលមួយចំនួន ជាពិសេសវិស័យឧស្សាហកម្ម និងកសិកម្ម។

លោកនាយករដ្ឋមន្ត្រី Mambé បានជម្រាបជូនថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម កូតឌីវរ នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ពីលទ្ធភាព​នៃការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ចុងបញ្ចប់នៃកិច្ចពិភាក្សា សម្ដេច​មហាបវរធិបតី បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Mambé បំពេញ​ទស្សន​កិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ​២០២៦ នៅកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រី Mambé បានបង្ហាញឆន្ទៈ​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់​កូហ្វូនី។

៥៖ ជំនួបជាមួយលោកស្រី Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ប្រទេស​បែលហ្ស៊ិក សម្ដេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះភាពជា​ដៃ​គូដ៏រឹងមាំរវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង​ប្រជាជនបែលហ្ស៊ិកដែលបានផ្តល់ការគាំទ្រដល់វិស័យសំខាន់ៗ រួមមាន ការបោសសម្អាតមីន អប់រំ និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC)។ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់​ក្នុងយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាវេទិកា​ដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ជាការឆ្លើយតបលោកស្រី Annelies Verlinden បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងបែលហ្ស៊ិក និងបានទទួលស្គាល់​ចំពោះ​កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។

៦៖ ជំនួបជាមួយលោក Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធ​ទទួល​បន្ទុកកិច្ចការអឺរ៉ុប និងអន្តរជាតិនៃសាធារណរដ្ឋអូទ្រីស សម្ដេចមហាបវរធិបតីបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-អូទ្រីសដ៏យូរអង្វែង និង​បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសអូទ្រីស ដែលរួមមានការផ្ដល់អាហារូបករណ៍ និងការផ្ដល់ជំនួយដល់ស្ថាប័នសំខាន់ៗដូចជាមជ្ឈមណ្ឌលកំចាត់មីន​កម្ពុជា អង្គការ UNDP និងនិងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ សម្ដេចមហាបវរធិបតី និងលោក Sepp Schellhorn បានលើក​ទឹក ចិត្តឱ្យភាគីទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យផ្សេងៗទៀតដែលជាប្រយោជន៍រួម។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេស​ការប្រែប្រួលអាកាសធាតុ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បាន​លើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការ​ប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីធានា​បាន​នូវនិរន្តរភាពបរិស្ថាន និងអន្តរកាលថាមពល ជាពិសេសកម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន ៦២ភាគរយ និងបានកំណត់គោល​ដៅសម្រេចបាននូវថាមពលស្អាតចំនួន៧០ភាគរយនៅឆ្នាំ២០៣០៕