(ព្រះវិហារ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ក្រោយការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន គឺយើងមិនទាន់បានជួបប្រទះនូវចំណុចណា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ នឹងឈានដល់ការជម្លៀសចេញពីផ្ទះសំបែងរបស់គាត់នោះទេ ពិតណាស់យើងជួបប្រទះតែគ្រោះធម្មជាតិៗមិនបាននាំហានិភ័យទៅដល់អាយុជីវិត និងក្រុមគ្រួសាររបស់គាត់នោះទេ។
ការថ្លែងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបែបនេះ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ និងអាជ្ញាធរខេត្តព្រះវិហារ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ១២០គ្រួសារ ដែលជម្លៀសខ្លួនមកពីតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត មកស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាព ក្នុងវត្តពោធិ៥០០០ដើម ក្នុងស្រុកគូលែន នៅព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ទៀតថា មុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ប្រទេសជាតិយើងបានកសាង និងទទួលសុខសន្តិភាពដោយការលំបាក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយះគោលនយោបាយឈ្នះឈ្នះមកដល់បច្ខុប្បន្ន។ ទោះបីយើងធ្លាប់ប៉ះទង្គិចចន្លោះឆ្នាំ២០០៨-២០១១ និងកត្តាមួយចំនួនថែមទៀត អាចនិយាយបានថា ក្រោយការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន គឺយើងមិនទាន់បានជួបប្រទះនូវចំណុចណា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ នឹងឈានដល់ការជម្លៀសចេញពីផ្ទះសំបែងរបស់គាត់នោះទេ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ទៀតថា អ្វីដែលគម្រាមកំហែង ធ្វើឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ប្រជាជនកម្ពុជាយើង គឺចាប់ផ្តើមនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការប៉ុនប៉ង និងការឈ្លានពានទាំងផ្នែកយោធានៅប្រទេសជិតខាងយើងនេះ។ លោកថា ស្ថានភាពបច្ចុប្បន្ននេះសរបញ្ជាក់ទៅលើអ្វីដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋរបស់យើងដែលនៅតាមបន្ទាត់ព្រំដែន លោកចង់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេស និងនៅពិភពលោកនិងគ្រប់ទិសទីបានតាមដានដោយយកចិត្តទុកដាក់។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ម៉ាចំហៀងយើងផ្តល់កម្លាំងចិត្ត ជំនឿទុកចិត្តដល់កងកម្លាំងប្រដាប់អាវុធ គាំទ្រទៅលើវិធានការរបស់រាជរដ្ឋាភិបាល តែថ្ងៃនេះ កន្លែងនេះ ក៏បានបញ្ជាក់ច្បាស់ថារាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ ដែលជាសេនាធិការថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញ ហើយភាគច្រើនជាគ្រួសារកងទ័ពដែលកំពុងឈរជើងការពារទឹកនៅនៅខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ លោកថាយើងបានឃើញទាំងអស់គ្នា ហើយចំពោះអ្វីដែលជាការជួយគាំទ្រទាំងកម្លាំងចិត្ត ជូនកងកម្លាំងប្រដាប់អាវុធរបស់យើង។នេះជាប្រពៃណីទំនៀមទម្លាប់មួយរបស់ប្រជាជនកម្ពុជា គ្រប់កាលះទេសះដែលយើងជួបបញ្ហាប្រឈម យើងតែងតែមានការបំផុសដោយប្រជាពលរដ្ឋយើងបានចូលរួមជាវិភាគទានតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប លោក ហ៊ុន ម៉ានី បានថ្លែងអំណរព្រះគុណចំពោះព្រះរាជហរទ័យសណ្តោសប្រណីរបស់ព្រះកូណាជាអង្គម្ចាស់ជីវិតលើត្បូង ក៏ដូចជាសម្តេចយាយនៃយើង ដែលបានព្រះរាជទានទ្រព្យសម្បត្តិផ្ទាល់របស់លោកទាំងទ្វេរ ដើម្បីឱ្យរាជរដ្ឋាភិបាលចាត់ចែងទៅតាមធ្វីដែលជាតម្រូវការជាក់ស្តែង និងអរគុណសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំជាច្រើនទៀត។ថវិកាទាំងអស់ដែលបានជួយទៅដល់រាជរដ្ឋាភិបាល ថ្ងៃនេះយើងជួយដល់អង្គភាពនៅសមូរភូមិមុខ ហើយថវិកាទាំងនេះនឹងចាត់ចែងដោយមានតម្លាភាពបំផុត៕