(បាត់ដំបង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខាខេត្តបាត់ដំបង និងអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកបវេល ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព លោក យ៉ាន ដា អាយុ២៤ឆ្នាំ មានមុខរបរស៉ីឈ្នួលបើកត្រាក់ទ័រ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលបើកត្រាក់ទ័រភ្ជួររាស់ដីចម្ការរមើរ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៣៖៤០នាទី ហើយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយអ្នកស្រី ជន ស្រីនិត និងក្រុមគ្រួសារសពក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះ លោកស្រី ពុំ ចន្ទីនី បានមានប្រសាសន៍ថា ការមកចូលរួមបុណ្យសពនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាម ហើយស្របជាមួយនិងក្រុមការងារកំពុងបំពេញបេសកម្ម នៅខេត្តបាត់ដំបងស្រាប់ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកជំទាវ មកចូលរួមបុណ្យផ្ទាល់ ដោយនាំយកថវិកាចំនួន ៥ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយអ្នកស្រី ជន ស្រីនិត ភរិយានិងក្រុមគ្រួសារសពដែលបានបាត់បង់ប្តី ឪពុក សមាជិកគ្រួសារជាទីគោរពស្រលាញ់ ជាអ្នកទ្រទ្រង់ដ៏សំខាន់ក្នុងជីវភាព និងការរស់នៅប្រចាំថ្ងៃ ដ៏សោកសង្រេង និងខ្លោចផ្សាជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព លោកយ៉ាន់ ដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះសូមអ្នកស្រី ជន ស្រីនិត ភរិយានៃសព ដែលកំពុងពពោះត្រូវដល់ថ្ងៃសម្រាល និងមានកូនស្រីអាយុ៣ខួបផងនោះ សូមថែទាំសុខភាព និងពង្រឹងស្មារតីកម្លាំងកាយចិត្តឲ្យបានល្អ ព្រោះត្រូវទទួលបន្ទុកមើលថែ និងផ្តល់ភាពកក់ក្តៅជាក្តីសង្ឃឹមសម្រាប់ពួកគាត់ទាំងពីរតទៅមុខទៀត ។
ភរិយានៃសព ទន្ទឹមនិងគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខក្នុងខណៈកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយថវិកា ៥ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ក៏បានគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕