(ព្រះសីហនុ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ០៦ខែ ដើមឆ្នាំ២០២៥។

ពិធីនេះធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។

លោក អៀង មូលី បានលើកឡើងថា កិច្ចប្រជុំនាពេលនេះក្នុងគោលបំណងធានាបាន នូវភាពម្ចាស់ការរបស់ខ្លួនលើយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំផែនការយុទ្ធសាស្រ្ត សកម្មភាពរួមជាមួយនឹងការតាមដាន វាយតម្លៃការឆ្លើយតប ដោយផ្តោតលើគោលដៅ៩៥-៩៥-៩៥ ព្រមទាំងចំនួនប្រជាជនគន្លឹះដែលរកឃើញថាមានផ្ទុកមេរោគអេដស៍ និងអត្រានៃការប្រើស្រោមអនាម័យ។

ពីថ្ងៃទី១១ដល់១៦ ខែឧសភា ឆ្នាំ២០២៥ លោកស្រី Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

ជាលទ្ធផលនៃទស្សនកិច្ចនេះ អង្គការ UNAIDS បានចេញសេចក្ដីប្រកាសព័ត៌មានកោតសរសើរកម្ពុជា លើ ០៤ចំណុច គឺ១-ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ដែលទទួលបាន ៩២-១០០-៩៨ លើគោលដៅ ៩៥-៩៥-៩៥។ លទ្ធផលនេះ ខ្ពស់ជាងលទ្ធផលនៅក្នុងពិភពលោក និងខ្ពស់ជាង ០៣ដង នៃលទ្ធផលរបស់ប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងទៀតថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ០៦ខែ ដើមឆ្នាំ២០២៥ និងធ្វើការប្រមូលនិងពិភាក្សាលើធាតុចូលរួមជាមួយនឹងអនុសាសន៍មួយចំនួន ក្នុងនោះ មានបទបង្ហាញចំនួនបី និងការពិភាក្សា អនុម័ត។

លោកបន្ថែមថា យើងបាននិងកំពុងកសាងបាននូវចីរភាព នៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្តាញ អ្នកផ្ទុកមេរោគអេដស៍ ហើយយើងបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨៕