(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា គោលដៅចម្បងសម្រាប់ស្រុកវាលវែង គឺត្រូវរួមគ្នាចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ដែលជាកេត្តិ៍តំណែលដូនតាបន្សល់ទុក, បន្តការដាំស្តារព្រៃឈើគ្រប់ប្រភេទឡើងវិញ ឱ្យបាន៥០%នៃផ្ទៃដីប្រើប្រាស់អាស្រ័យផល និងជម្រុញកូនចៅសិក្សារៀនសូត្រ ឱ្បបានខ្ពង់ខ្ពស់ ទើបធ្វើឱ្យស្រុកនេះ កាន់តែមានសក្តានុពលខ្ពស់ ពិសេសលើវិស័យទេសចរណ៍ និងកាត់បន្ថយបាន នូវការកើតឡើងកម្តៅភពផែនដី ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

លោក កែវ រតនៈ បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំអូរសោម និងឃុំប្រម៉ោយ ប្រមាណជាង១ពាន់នាក់ ចំនួន២ទីតាំងផ្សេងគ្នា ដោយបានការចូលរួមពីសំណាក់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោក ងួន ប៉ោសេង និងលោក ហេង សុភាណា អភិបាលរងខេត្ត ព្រមទាំងក្រុមការងារថ្នាក់ជាតិ, អាជ្ញាធរស្រុក ឃុំ ភូមិ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនៅតែបន្តទទួលបានការគាំទ្រ និងជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវវឌ្ឍនភាពសង្គម និងភាពសុខដុមរមនាក្រោមដំបូលសន្តិភាព ពិសេសដូចជាករណីបញ្ហាព្រំដែនជាមួយប្រទេសថៃ សូមជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សចុះ។

លោក កែវ រតនៈ បានលើកឡើងទៀត ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបានកើតឡើងដោយចៃដន្យនោះទេ គឺដោយសារការប្រកាន់ភ្ជាប់នូវគោលនយោបាយសំខាន់ៗ គឺជីវិត ជីវភាពរស់នៅ និងកិត្តិយស, ដូច្នេះសកម្មជនបក្សទាំងអស់ មានបេះដូងលោតក្នុងចង្វាក់តែមួយ បន្តចូលរួមបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ដើម្បីធ្វើយ៉ាងណារួមគ្នារុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាពរុងរឿង ស្របតាមចក្ខុវិស័យ និងគោលដៅដែលបានកំណត់។

ជាការពិតណាស់ថា ៤៦ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាមិនចង់ឱ្យប្រទេសដែលកំពុងមានការលូតលាស់មួយនេះ ធ្លាក់ទៅក្នុងសង្គ្រាមវិញនោះឡើយ ព្រោះទំហំនៃការខូតខាតកាលពីពេលកន្លងទៅមានសភាពធំធេងសម្បើមណាស់ ហេតុនេះត្រូវរក្សាសន្តិភាព គឺធានាដល់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

លោករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឃុំអូរសោម និងឃុំប្រម៉ោយ ព្រមទាំងបណ្តាឃុំផ្សេងៗទៀតទូទាំងស្រុកវាលវែង ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ នោះក៏គ្មានអ្វីៗរហូតមកដល់សព្វថ្ងៃនេះដែរ។ នៅចំពោះមុខនេះ សូមឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ជម្រុញការដាំស្តារព្រៃឈើឡើងវិញ ដូចជាក្រញូង ធ្នង់ បេង និងឈើហូបផ្លែ ឈើលម្អគ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ ធ្វើយ៉ាងណាឱ្យបាន៥០% នៃផ្ទៃដីគ្រួសារនីមួយៗ។

ជាមួយគ្នានោះ ត្រូវបន្តបំផុសជម្រុញកូនចៅ ឱ្យបន្តសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីមានធនធានមនុស្ស ប្រកបដោយគុណភាព សម្រាប់រួមចំណែកស្តារនិងអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការរុករាន កាប់ឆ្ការ ឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ព្រោះថាព្រៃឈើ ពិតជាមានសារៈប្រយោជន៍សំខាន់ណាស់ នៅលើភពផែនដី ក្នុងករណីនៅមានបទល្មើសព្រៃឈើ បងប្អូនអាចប្រឈមចំពោះមុខច្បាប់ជាក់ជាមិនខាន។

គួរជម្រាបជូនថា គោលបំណងរបស់ថ្នាក់ដឹកនាំ សំខាន់គឺចង់ឱ្យព្រៃឈើ និងសត្វព្រៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រុកវាលវែង កាន់តែមានសម្បូរបែប និងមានភាពស្រស់បំព្រងបៃតង ព្រមទាំងបង្ការទប់ស្កាត់ការបាក់ដី ការឡើងកម្តៅភពផែនដី និងបញ្ហាប្រឈមនានាមួយចំនួន៕