(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងព័ត៌មាន បានតាមដានយ៉ាងជាប់លាប់រាល់ការផ្សព្វផ្សាយដោយ សារព័ត៌មានជាតិអន្តរជាតិ ការផ្សាយ និងចែកចាយព័ត៌មានផ្សេងៗលើបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុក។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា សម្រាប់ជាការបូកសរុបមួយ មកទល់ពេលនេះការគ្រប់គ្រងព័ត៌មាន ការផ្សាយព័ត៌មានស្តីពីប្រធានបទព្រំដែនកម្ពុជា-ថៃនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជនក្នុងប្រទេសកម្ពុជា ជារួមបានប្រព្រឹត្តទៅដោយក្រមសីលធម៌ និងតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយមិនបង្កហានិភ័យដល់សន្តិសុខជាតិ។

ក្នុងន័យនេះ លោក ទេព អស្នារិទ្ធ ក៏សូមអរគុណដល់សារព័ត៌មានទាំងអស់ ក៏ដូចជាពលរដ្ឋជាពិសេសអ្នកតាមដានលើបណ្តាញសង្គម ដែលបានអនុវត្តតាមការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងព័ត៌មានជុំវិញការផ្សាយ និងទទួលព័ត៌មាន ដោយត្រូវទទួល ឬស្រង់យកព័ត៌មានពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នដែលបំពេញតួនាទីក្នុងការងារព្រំដែន ការងារសន្តិសុខជាតិ មានក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន និងសមត្ថកិច្ចជំនាញក្នុងសាច់រឿង សម្រាប់ការតាមដាន និងផ្សព្វផ្សាយព័ត៌មាន ស្តីពីប្រធានព្រំដែននេះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ទោះជាយ៉ាងណាក៏ដោយ មានការផ្សាយដោយសារព័ត៌មានមួយចំនួនតូច ដែលនៅពុំទាន់អនុវត្តតួនាទីខ្លួនបានត្រឹមត្រូវនៅឡើយ ហើយជាការដើរខុសគន្លងនៃច្បាប់ស្តីពី របបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា។ ក្នុងចំណោមព័ត៌មានក្លែងក្លាយចំនួនជាង៩០ករណី ភាគច្រើនប្រភពពីបណ្តាញសង្គម ដែលក្រសួងព័ត៌មាន បានកត់ត្រាចាប់ពីដើមខែមិថុនា រហូតមកទល់ពេលនេះមានប្រមាណ ៥០ករណី ជាការផ្សាយបែបញុះញង់បំពុលសង្គម រាប់បញ្ចូលទាំងខ្លឹមសារបែបលេងសើច បំភ្លៃ ប្រមាថប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តការងារតាមបណ្តោយព្រំដែន។

លោក ទេ អស្នារិទ្ធ បានបន្ថែមថា ក្នុងចំណោមហ្នឹងក៏មានករណីផ្សាយរបស់សារព័ត៌មាន ដែលផ្ទុយនឹងស្មារតីច្បាប់របបសារព័ត៌មាន និងខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ ដែលការផ្សាយបានធ្វើឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ ហើយមូលហេតុចម្បង គឺដោយសារការផ្សាយនោះបានយោងប្រភពពីក្រៅប្រទេស ដែលពុំមែនជាប្រភពផ្លូវការឡើយ។

សម្រាប់ជាវិធានការគ្រប់គ្រងស្ថានភាពទាំងនេះ ក្រសួងព័ត៌មានបានអនុវត្តកិច្ចការចាំបាច់មួយចំនួន៖

ទី១៖ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលជាសំឡេងជាតិ ផ្តល់បច្ចុប្បន្នភាពស្តីពីការវិវត្តនានាជុំវិញប្រធានបទព្រំដែន ជាពិសេសយន្តការ និងវិធានការបែបយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ

ទី២៖ ជំរុញការផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកជនឱ្យទាន់ពេលវេលានូវរាល់សេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នសមត្ថកិច្ច ក្នុងគោលបំណងធានាការទទួលព័ត៌មានពិត សុក្រិតសម្រាប់ពលរដ្ឋ

ទី៣៖ បានសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញក្នុងវិស័យ ក្នុងការផ្តល់របាយការណ៍ស្តីពីករណីព័ត៌មានក្លែងក្លាយ ដើម្បីសម្របសម្រួលការបំភ្លឺព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីឆ្លើយតបទាន់ពេលវេលា

ទី៤៖ សម្រាប់ការផ្សាយមាតិកាព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ដែលភាគច្រើនមានប្រភពនៅក្រៅប្រទេស ក្រសួងបានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសហការជាមួយក្រុមហ៊ុន Meta ឬ TikTok ជាដើម ដើម្បីឱ្យក្រុមហ៊ុន block ឬលុបមាតិកា ដែលមាតិកាទាំងនោះក៏បំពាននឹងនិយាមប្រតិបត្តិនៃការប្រើប្រាស់បណ្តាញសង្គម Community Standard ផងដែរ

និងទី៥៖ ក្រសួងព័ត៌មាននឹងមានរៀបចំការតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈ និងនិយាមប្រតិបត្តិសារព័ត៌មាន ដល់អង្គភាព និងសមាគមសារព័ត៌មាន ព្រមទាំងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមនៅកម្ពុជា ដើម្បីធានាប្រសិទ្ធការផ្សាយព័ត៌មានដោយក្រមសីលធម៌ រួមចំណែកផ្តល់ព័ត៌មានពិត លើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងរក្សាសុខដុមនីយកម្មជាតិសាសន៍៕