(ព្រះវិហារ)៖ បន្ទាប់ពីជួបសំណេះសំណាលជាមួយកងទ័ព នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈប្រតិភូបានបន្តចុះជួបជាមួយក្រុមគ្រួសារកងទ័ព ដើម្បីសាកសួរសុខទុក្ខ និងនាំយកជំនួយសប្បុរសធម៌ទៅចែកជូនតាមគ្រួសារផងដែរ។
លោកក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់ក្រុមគ្រួសារកងកម្លាំងទាំងអស់ សូមមានការជឿកជាក់ និងការគាំទ្រគ្រប់វិធានការទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់គ្រប់យន្តការទាំងអស់ ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ដោយការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពផង និងការពារអធិបតេយ្យ និងបូរណភាពទឹកដីឲ្យបានជាដាច់ខាតផងដែរ។
លោក ហ៊ុន ម៉ានី ក៏បានសំណូមពរដល់បងប្អូនទាំងអស់ថា ក្នុងនាមជាខ្មែរ យើងត្រូវតែមូលមតិ មានឯកភាពរឹងមាំ ទាំងទស្សនៈ និងគោលជំហរ ដើម្បីការពារផលប្រយោជន៍ជាតិ មិនថាក្នុងកាលៈទេសៈណានោះទេ។
សូមបញ្ជាក់ថា សម្ភារៈដែលត្រូវបានយកមកប្រគល់ជូនគ្រួសារកងទ័ព នាពេលនោះ រួមមានដូចជា អង្ករ គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ ភេសជ្ជៈនានា រួមទាំងថវិកាផងដែរ៕