(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥» ក្រោមអធិបតីភាពបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ នៅរដ្ឋបាលខេត្តកណ្ដាល អមដោយលោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. ព្រមទាំងសហការី។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការវាយតម្លៃថ្នាក់ខេត្ត និង ក្រុង-ស្រុក ព្រមទាំង អ្នកគ្រប់គ្រង និងមន្រ្តី នៅតាមអង្គភាពគោលដៅនៃការវាយតម្លៃ ជាពិសេសនៅកម្រិតអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលត្រូវអនុវត្តការវាយតម្លៃក្នុងឆ្នាំ២០២៥នេះ សរុបប្រមាណ ៧០០នាក់។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីក្រសួងមុខងារសាធារណៈ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តកណ្តាល, ក្នុងគោលបំណង៖ (១) កែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ សម្រាប់វិស័យអប់រំ និងសុខាភិបាលមូលដ្ឋាន ជូនដល់ប្រជាជន (២) ផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់គ្រប់សាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីឯកសារបទដ្ឋានគតិយុត្តក្នុងការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល និង (៣) ជំរុញដល់គ្រប់អង្គភាពសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាពឱ្យចូលរួមប្រកួតប្រជែងក្នុងចលនាប្រឡងប្រណាំង ការផ្តល់សេវាសាធារណៈគំរូ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យអប់រំ និង វិស័យសុខាភិបាល។
នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណនេះ រាជរដ្ឋាភិបាលបានកំណត់ការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ជាស្នូលនៃយុទ្ធសាស្ត្រ។ ក្នុងន័យនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋាន រាជរដ្ឋាភិបាល បានផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់វិទ្យាល័យ។ ដោយឡែក សម្រាប់ការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន រាជរដ្ឋាភិបាល បានផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន, តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការជាក់ស្តែង រួមមាន៖ ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក, ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, និងការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។
ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្មវិធីនាថ្ងៃនេះ ជាសកម្មភាពជាក់ស្ដែងនៃផែនការសកម្មភាពបែរឆ្ពោះទៅមូលដ្ឋាន ក្នុងន័យចុះជួយបំពាក់ស្មារតី និងបង្កើនសមត្ថភាពដល់អាជ្ញាធរ និងមន្ត្រីនៅមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស ក្នុងកិច្ចការពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក គួច ចំរើន បានលើកឡើងថា ក្នុងការប្រឡងប្រណាំងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្ដាលបានជំរុញអង្គភាពទាំងអស់ក្នុងខេត្ត ដែលកំពុងមានវត្តមានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន សាលាបឋមសិក្សាចំនួន ៣៧៣ សាលាអនុវិទ្យាល័យចំនួន ១០០ និងមណ្ឌលសុខភាពចំនួន១០៧ ឱ្យចូលរួមប្រឡងប្រណាំង ដើម្បីអភិវឌ្ឍសមត្ថភាពអង្គភាព និងមន្ត្រី ក្នុងការស្វែងយល់ បំពេញរាល់តម្រូវការនៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ សំដៅលើកកម្ពស់ការផ្ដល់សេវាក្នុងវិស័យអប់រំ និងសុខាភិបាលឱ្យបានកាន់តែល្អប្រសើរនៅមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះ លោក គួច ចំរើន បានគូសបញ្ជាក់ដល់អង្គពិធីទាំងមូលផងដែរថា វគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះនឹងមានការចូលរួមធ្វើបទបង្ហាញពីនីតិវិធីនៃការវាយតម្លៃ ការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ, ចំណុចលំអិតទាំងអស់ក្នុងលក្ខណៈវិនិច្ឆ័យគោលទាំង៨ រួមនឹងការចែករំលែកឧត្ដមានុវត្ត នៃការផ្ដល់សេវាពីអង្គភាពជ័យលាភីរបស់ខេត្តកណ្ដាល និងបណ្ដាខេត្តផ្សេងៗ។
បន្ថែមនេះ អភិបាលខេត្តកណ្តាល បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រងត្រាប់ស្ដាប់បទឧទ្ទេសនាម ដោយយកចិត្តទុកដាក់ កត់ត្រាចំណុចសំខាន់ៗ ព្រមទាំងក្លាហានក្នុងការចោត ជាសំណួរពាក់ព័ន្ធទៅកាន់វាគ្មិន សំដៅយ៉ាងណាស្វែងយល់ឱ្យអស់លទ្ធភាព ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ និងអភិវឌ្ឍអង្គភាព បង្កើនប្រៀបឈ្នះរបស់ខ្លួនតាមដែលអាចធ្វើទៅបាន ឆ្ពោះទៅដណ្ដើមជ័យជំនះជូនអង្គភាព និងរដ្ឋបាលខេត្ត ជាពិសេសគឺបង្កើនសមត្ថភាពក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។
លោកបណ្ឌិត ហ៊ែល ចំរើន បានគូសបញ្ជាក់ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ជាឱកាសកដ៏មានតម្លៃសម្រាប់តួអង្គពាក់ព័ន្ធដែលជា ប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មការវាយតម្លៃថ្នាក់ខេត្ត ក្រុង-ស្រុក ព្រមទាំង អ្នកគ្រប់គ្រង និងមន្រ្តីនៅតាមអង្គភាពគោលដៅនៃការវាយតម្លៃ, នឹងបានយល់ច្បាស់ពីនីតិវិធី និងវិធីសាស្រ្តខាងវាយតម្លៃ, ទទួលបានពុទ្ធិថ្មីៗជាមូលដ្ឋានបំពេញតួនាទីរបស់ខ្លួន និងរួមចំណែកពង្រឹង និងកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល នៅតាមមូលដ្ឋាននៃការទទួលខុសត្រូវរបស់អង្គភាពរៀងៗខ្លួន។
ដោយឡែក, នៅក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, យើងសម្រេចបានសមិទ្ធផលគន្លឹះៗជាច្រើន ជាពិសេសការសម្រេចបានលទ្ធផលចុងក្រោយ នៃការគ្រប់គ្រងថវិកា រួមមាន៖ (ទី១) បូរណភាពនៃការគោរពវិន័យហិរញ្ញវត្ថុសាធារណៈ, (ទី២) ប្រសិទ្ធភាព នៃថវិកាទាំងក្នុងផ្នែកវិភាជន៍ ទាំងក្នុងផ្នែកប្រតិបត្តិការ និង (ទី៣) ស័ក្តិសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ ក្នុងន័យនេះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាននិងកំពុងរួមចំណែកក្នុងការបន្តរក្សាបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាពនយោបាយ និង ស្ថិរភាពម៉ាក្រូ-សេដ្ឋកិច្ច និងហិរញ្ញវត្ថុរឹងមាំ, ដែលជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេស។ ជាក់ស្តែង, ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា កើនឡើងប្រមាណ ២.៤ដង និងថវិការបស់ក្រសួងសុខាភិបាលកើនឡើងប្រមាណ២ដង ដោយប្រៀបធៀបថវិកាឆ្នាំ២០១៣ ជាមួយនឹងថវិកាឆ្នាំ២០២៥។
ជាចុងក្រោយ លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះ លោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងសហការី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕