(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំក្រុមការងារដើម្បីបកប្រែសិលាចារឹកភាសាសំស្ក្រឹតមកជាភាសាខ្មែរ ដើម្បីលាតត្រដាងពីអាថ៌កំបាំងដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរសម័យបុរាណ ឱ្យប្រជាជនខ្មែរបច្ចុប្បន្នបានដឹង ដោយគម្រោងបកប្រែនឹងចាប់ផ្ដើមនៅខែកក្កដាខាងមុខ ហើយអាចចាយពេល២៤ខែដើម្បីធ្វើកិច្ចការនេះ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មកកាន់បណ្ដាញព័ត៌មាន Fresh News។

លោកបណ្ឌិត យង់ ពៅបានថ្លែងថា៖ «គោលបំណងសំខាន់បំផុតនៃគម្រោងនេះ ខ្ញុំប្រាថ្នាចង់ឱ្យប្រជាជាតិខ្មែរយើង បានយល់សេចក្ដីដ៏អាថ៍កំបាំងនៃមហាបុព្វបរសខ្មែរបុរាណ ដែលពីមុនៗមានភាគច្រើនតែអ្នកស្រាវជ្រាវបរទេស និងអ្នកស្រាវជ្រាវខ្មែរមួយចំនួនទើបអាចយល់បាន ឥឡូវយើងក្នុងនាមជាខ្មែរចង់បំភ្លឺ ឱ្យលែងទៅជាអាថ៍កំបាំងសម្រាប់ខ្មែរ។ ការណ៍នេះ ជាចំណែកសំខាន់ក្នុងការបណ្ដុះនៃស្មារតីជាតិ និងមនសិការជាតិ ផ្ដើមចេញពីស្វែងយល់ពីភពដ៏អស្ចារ្យនៃអាណាចក្រខ្មែរបុរាណ»។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា៖ «ការប្រើភាសានិងការសរសេរអក្សរ មានការប្រែប្រួលពីសម័យកាលមួយទៅសម័យកាលមួយជាដរាប។ នៅសម័យនគរភ្នំ(សម័យហ្វូណន) សម័យចេនឡា(ចេនឡាទឹក ចេនឡាគោក) សម័យអង្គរ រហូតដល់សម័យកណ្ដាល សិលាចារឹកដែលរកឃើញទាំងភាសាខ្មែរ ភាសាសំស្ក្រឹត និងទាំងភាសាបាលីប្រហែល១៦០០ផ្ទាំង រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយ នៅក្នុងចំនួននេះ សិលាចារឹកភាសាសំស្ក្រឹតនិងទាំងភាសាបាលីមានប្រហែលចន្លោះពី៥០០ទៅ៦០០ផ្ទាំង»

សូមជម្រាបថា នៅក្នុងគម្រោងស្រាវជ្រាវស្ដីពីការស្រាវជ្រាវនិងបកប្រែនេះក្រុមការងារ «ការស្រាវជ្រាវនិងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត» នេះ នឹងលើកយកតែសិលាចារឹកខ្មែរដែលសរសេរជាភាសាសំស្ក្រឹតនិងភាសាបាលី មកស្រាវជ្រាវនិងបកប្រែសេចក្ដីឱ្យទៅជាភាសាខ្មែរបច្ចុប្បន្ន ដើម្បីឱ្យបានដឹងពីសេចក្ដីពិតនៅក្នុងអត្ថបទនៃសិលាចារឹកទាំងអស់នេះ៕