(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានសម្របសម្រួលផ្សព្វផ្សាយព័ត៌មាន និងបានតាមដានយ៉ាងជាប់ជាប្រចាំរាល់ការផ្សព្វផ្សាយដោយសារព័ត៌មានជាតិ និងអន្តរជាតិ ការផ្សាយ និងការចែកចាយព័ត៌មានផ្សេងៗលើបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុក ដើម្បីធានាថាពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។
ត្រង់ចំណុចនេះ ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចែករំលែកពីវិធីសាស្ត្រដ៏សំខាន់ពីការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ នៅក្នុងពេលមានវិបត្តិ ខណៈពេលដែលមានវិបត្តិកើតឡើង តែងតែមានព័ត៌មានពិត និងព័ត៌មានក្លែងក្លាយត្រូវបានផ្សព្វផ្សាយជាពិសេសពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងថា ជាធម្មតាទៅហើយដែលភាគីម្ខាងទៀត តែងតែព្យាយាមបំពុលព័ត៌មាន ដើម្បីបំភ្លៃការពិត កាឡៃប្រវត្តិសាស្ត្រ ប្រើប្រាស់ផែនទីគូសជាឯកតោភាគី ដែលគ្មានការទទួលស្គាល់ពីអន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ដូចអ្វីដែលអ្នកនយោបាយជ្រុលនិយមធ្លាប់ធ្វើកន្លងមកចំពោះស្ថានភាពពិតជាក់ស្តែង នៅតាមបន្ទាត់ព្រំដែនជាដើម ប៉ុន្តែការពិត នៅតែជាការពិត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ និងខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី បានលើកឡើងថា ជុំវិញការផ្សព្វផ្សាយព័ត៌មានពីបញ្ហាព្រំដែននៅតំបន់មុំ៣ កម្ពុជា ត្រូវបានវាយតម្លៃថា មានភាពច្បាស់លាស់ និងមានភាពចាស់ទុំ មានវិន័យ អត់ធ្មត់។ ខណៈភាគីម្ខាងទៀត តែងតែបញ្ចេញព័ត៌មានជាច្រើនចំពោះស្ថានការណ៍ព្រំដែន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រំ ជាព័ត៌មានខុសពីការពិត បាត់បង់សេចក្តីទុកចិត្ត និងត្រូវបានអ្នកជំនាញវាយតម្លៃថា ការផ្សព្វផ្សាយព័ត៌មាននេះគ្មានការគ្រប់គ្រងច្បាស់លាស់នោះទេ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយព័ត៌មានបែបបំពុលសង្គម និងបំភ្លៃការពិត។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានកម្ពុជាទាំងអស់ ដែលបានរួមគ្នាជាធ្លុងមួយ សំឡេតែមួយ ដើម្បីផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ ប្រកាន់នូវប្រភពព័ត៌មានច្បាស់លាស់។ អ្នកសារព័ត៌មាននៅកម្ពុជា បានរួមគ្នាប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត ដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ខណៈការផ្សព្វផ្សាយព័ត៌មានពេលខ្លះលឿន ប៉ុន្តែ មិនមានប្រភពច្បាស់លាស់នឹងនាំឱ្យមានការយល់ច្រឡំ ជាពិសេសនៅក្នុងដំណាក់កាលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ដូច្នេះ ការផ្ទៀងផ្ទាត់ និងប្រកាន់នូវគោលជំហរប្រភពព័ត៌មាន ត្រឹមត្រូវ ច្បាស់លាស់ ជាមូលដ្ឋានដើម្បីធានាបាននូវស្ថិរភាព សន្តិភាព មិត្តភាព មិនបង្កចលាច មិនធ្វើឱ្យប្រជាពលរដ្ឋមានភាពស្លន់ស្លោ ដូចនេះសូមឱ្យបងប្អូនប្រជាលរដ្ឋបន្តតាមដានព័ត៌មានទាក់ទងការវិវត្តថ្មីចំពោះស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវ និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយប្រកបដោយសន្តិវិធី ខណៈរាជរដ្ឋាភិបាលកម្ពុជាដែលបានបោះជំហានដ៏ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងការងារនេះមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការផ្សព្វផ្សាយព័ត៌មាន ដោយស្វែងរកប្រភពឱ្យបានច្បាស់លាស់។ ចំណុចនេះគោលការណ៍សំខាន់ដែលត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួន គឺប្រភពព័ត៌មានរបស់រាជរដ្ឋាភិបាល សារដែលត្រូវបញ្ចេញសម្រាប់ផ្សព្វផ្សាយជាផ្លូវការ គឺជាសារតែមួយដែលជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់ការ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។
«ប្រភពព័ត៌មានរបស់កម្ពុជា គឺមានសណ្តាប់ធ្នាប់ និងមានភាពច្បាស់លាស់ មានភាពចាស់ទុំក្នុងការងារគ្រប់គ្រងព័ត៌មាន មានសំលេងតែមួយ សារតែមួយជុំវិញស្ថានភាពពិត ជាក់ស្តែងពីបញ្ហាព្រំដែន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ចំពោះការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមតាមបណ្តាញសង្គម សូមប្រជាពលរដ្ឋកុំជឿទុកចិត្តឱ្យសោះពីគ្រោះក្រុមជនអគតិទាំងនោះតែងតែប្រើប្រាស់ និងបំផ្លាញកម្ពុជាតាមរយៈឱ្យដៃទៅជនបរទេស ក្បត់ជាតិខ្លួនឯង៕