(ពោធិ៍សាត់)៖​ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ មួយខ្នង មានបណ្តោយ៥៤ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នៃមូលនិធិកម្លាំងសាមគ្គីរបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជនក្រៅប្រទេស។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ដោយបានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, តំណាង សាលាដំបូងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋមួយចំនួនទៀត។

លោក តុប វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ននេះមន្ទីរសុខាភិបាលខេត្ត មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន០៤, មន្ទីរពេទ្យបង្អែក ចំនួន០៥, មណ្ឌលសុខភាព ចំនួន៤៧, ប៉ុស្តិ៍សុខភាព ចំនួន០៣ រួមទាំងប៉ុស្តិ៍សុខភាពពន្ធនាគារ ចំនួន០២។ មន្ត្រីសុខាភិបាលសរុបទូទាំងខេត្ត មានចំនួន១,០២៩នាក់ ស្រី៦០៦នាក់ ក្នុងនោះបុគ្គលិកក្របខណ្ឌរដ្ឋ ចំនួន៨១០នាក់, បុគ្គលិកក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំនួន២៥៥នាក់ ក្នុងនោះមន្ត្រីក្របខណ្ឌរដ្ឋ សរុបចំនួន១៥១នាក់។ ផ្អែកតាមរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងមកនេះ មន្ទីរពេទ្យបង្អែកខេត្ត បានទទួលផ្តល់សេវាសម្រាកព្យាបាល សរុប១៥,២៣៤ករណី បើធៀបទៅ០៥ឆ្នាំមុន មានកើនឡើង២៥%។

លោកអនុប្រធានមន្ទីរបន្តថា ដើម្បីបំពេញនូវតម្រូវការជាក់ស្តែងដែលមិនអាចខ្វះបាន ទៅលើហេដ្ឋារចនាសម្ព័ន្ធ គឺអគារមន្ទីរពេទ្យ និងបន្ទប់សម្រាប់ព្យាបាលអ្នកជំងឺ ដែលកំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) បានផ្តួចផ្តើមបង្កើតមូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ មួយខ្នង មានបណ្តោយ៥៤ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ នឹងត្រូវប្រារព្ធពិធីបញ្ចុះបឋមសិលានាពេលនេះ ។

លោក ខូយ រីដា និងលោក កែវ រតនៈ បានថ្លែងថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ មួយខ្នងនេះ ពិតជាបានចូលរួមចំណែក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ ក្នុងការទៅរកសេវាព្យាបាលនៅក្រៅខេត្ត ដូចជាទីក្រុងភ្នំពេញជាដើម ដែលកត្តាទាំងនេះ បានជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងជួយកាត់បន្ថយនូវភាពក្រីក្រ ជាផ្នែកមួយសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាកុលបុត្រដ៏ឆ្នើមរបស់កម្ពុជា នាយុគសម័យនេះ។

ថ្នាក់ដឹកនាំទាំង២បន្ថែមថា សមិទ្ធផលថ្មីមួយនេះ នឹងលេចចេញជារូបរាងនាពេលដ៏ខ្លីខាងមុខ ក្រោយពីកម្លាំងសាមគ្គីរបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជនក្រៅប្រទេស បន្តចូលរួមបរិច្ចាគធនធានហិរញ្ញវត្ថុ ក្នុងការរួមចំណែក ដើម្បីសម្រេចបានជោគជ័យ។ គ្រឹះនៃអគារនេះ គឺមានស្តង់ដារកម្រិតខ្ពស់ ដែលយើងអាចនឹងសាងសង់ជាន់បន្ថែមទៀតបាន ដើម្បីក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។

គួរជម្រាបជូនថា កាលពីពេលថ្មីៗនេះ ក្រុមជំនួយការសាងសង់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានចេញលិខិតអំពាវនាវ ដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជនក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគ ធនធានហិរញ្ញវត្ថុ ក្នុងការរួមចំណែក ដើម្បីសម្រេចដោយជោគជ័យ ក្នុងការសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ (ទំហំ៥៤ម៉ែត្រ X ២២ម៉ែត្រ កំពស់៥ជាន់)។

ការចូលរួមបរិច្ចាគធនធាន របស់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ពិតជាមានតម្លៃណាស់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែមានលក្ខណៈទំនើបឈានឡើង ក៏នឹងបានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាបំផុត ក្នុងការចូលរួមចំណែកគាំទ្រយ៉ាងសកម្ម ជួយដល់ការថែទាំសុខភាព និងការព្យាបាលជូនប្រជាពលរដ្ឋទូទៅ ដែលបានមកទទួលសេវា នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ទុកជាមុន នូវទឹកចិត្តសប្បុរស និងសូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លេខទូរសព្ទទំនាក់ទំនង៖ ០១២ ៥២០ ០២៥ / ០១២ ៨១៩៦៩៨/ ០១២ ៩៧៩ ៦៤០

អាចចូលរួមតាមរយៈគណនី មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៖
*លេខគណនី 0400-00266360-50
*លេខគណនី 0400-00266360-51