(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍វរសេនាតូច៣៩២ ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងពេលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាពកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៦៖២៥នាទីព្រឹក។

ការបាត់បង់អនុសេនីយ៍ត្រី សោ វុទ្ធី គឺជាការបាត់បង់ឳពុក ស្វាមី កូន ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទ។
ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូ បាននាំយកថវិកាចំនួន ៤០លានរៀល និងការចូលរួមរំលែកទុក្ខពីសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត មកជូនដល់ក្រុមគ្រួសារសព៕