(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមថវិកា ៣០០លានរៀលដំណាក់កាល​ដំបូង​ជាមួយមូលនិធិទូរទស្សន៍ CTN ដើម្បីជួយទ្រទ្រង់កងទ័ពកំពុងឈរជើង​ការពារទឹកដី។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្កើតមូល​និធិ CTN ដើម្បីទ្រទ្រង់កងទ័ពកំពុងឈរជើងការពារព្រំដែន​។

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ​២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណអ្នកឧកញ៉ា គិត ម៉េង និង​លោក​ជំទាវ​អ្នក​ឧកញ៉ា ដែលបានបង្កើតមូលនិធិនេះ តាមការអំពាវនាវរបស់​សម្តេច។ សម្តេច​តេជោ ចាត់ទុកការបង្កើតមូលនិធិនេះ ជាខឿនការពារជាតិ​របស់​ប្រជាជនដ៏រឹង​មាំ​។

សម្តេចតេជោ បានបញ្ជាក់ថា ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូ​វ​យោធា នយោបាយ ការទូត និងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ ជាមួយគ្នានេះ យោធា​ត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូ​តាម​ផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរផងដែរ។

សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់និស្ស័យជាមួយ​កងទ័ព និង​ជាមួយជាតិ និងទឹកដីទាំងអស់គ្នា៕