(ភ្នំពេញ)៖ នៅថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ បានចាប់អារម្មណ៍យ៉ាងខ្លាំងពីភាពម្ចាស់ការរបស់កម្ពុជាលើការផ្គត់ផ្គង់ថាមពលអគ្គិសនី តាមរយៈការបញ្ជាក់របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
យើងអាចគេចពីការគំរាមរបស់គេលើការប្រើប្រាស់ថាមពលអគ្គិសនីថ្ងៃនេះ ក៏ព្រោះមានការជម្នះដ៏ខ្លាំងក្លារបស់កម្ពុជាជាច្រើនឆ្នាំមកនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីកម្ពុជា។
ដើម្បីបានថាមពលអគ្គិសនីកម្ពុជាមិនមែនលំបាកត្រឹមចំណាយគំនិតគិតពីផែនការលំបាកកៀរគរអ្នកមានលុយមកវិនិយោគ (ភាគច្រើនចិន)ប៉ុណ្ណោះទេ គឺត្រូវប្រឈមការពន្យល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបរិស្ថាននិយម។ រាល់ពេលមានគម្រោងសាងសង់វារីអគ្គិសនី តែងមានចរន្តរារាំងជានិច្ច។
បើរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន មិនជម្នះទេ ពេលនេះកម្ពុជាប្រហែលជាត្រូវគេប្រមាថ គេគំរាមតាមទំនើងចិត្តគេ រឿងផ្គត់ផ្គង់អគ្គិសនីនេះហើយ។
ផ្តើមពីបញ្ហានេះ សង្ឃឹមថាពលរដ្ឋខ្មែរយល់ពីការប្រឹងប្រែង និងការជម្នះរបស់រាជរដ្ឋាភិបាលលើការកសាងប្រភពថាមពលអគ្គិសនី។ ការកសាងប្រភពថាមពលអគ្គិសនី មិនត្រឹមជួយឱ្យយើងគេចផុតពីការប្រមាថ ការគំរាមរបស់គេទេ តែបានជួយបំពេញក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បំពេញការវិនិយោគជាដើម។
ពីប្រទេសអត់មានភ្លើងអគ្គិសនីប្រើក្រោយអាពត បច្ចុប្បន្នកម្ពុជា មានប្រភពថាមពលអគ្គិសនីដោយខ្លួនឯងប្រមាណជា៥ពាន់មេហ្គាវ៉ាត់ ភាគច្រើនជាប្រភពថាមពលអគ្គិសនីស្អាត បានពីវារីអគ្គិសនី និងពន្លឺព្រះអាទិត្យ ហើយបានតបណ្តាញអគ្គិសនីទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋបានស្ទើរតែ១០០ភាគរយទៅហើយ។
តាមរយៈលទ្ធផលនេះ បានស្តែងយ៉ាងច្បាស់ពីការគិតគូរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាច្រើនអាណត្តិកន្លងមកនេះ៕