(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ប្រកាសឲ្យដឹងថា កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ហើយក៏ពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ។

ការអះអាងធ្ងន់ៗរបស់លោក កែវ រតនៈ បែបនេះធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងយ៉ាងដូច្នេះថា «ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការមិនយកថាមពលអគ្គិសនីចូលបណ្តាញជាតិនៃប្រទេសទាំងពីរ ដោយសារ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់»

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋថា៖ «សូមអំពាវនាវដល់បងប្អូនទាំងអស់ទូទាំងប្រទេសនេះ សូមកុំដុតព័ត៌មាននេះឱ្យទៅជារឿងផ្សេង សូមកុំឱ្យក្លែងពាក្យសម្ដី សូមកុំឱ្យឌឺដងថា យើងមិនត្រូវការគ្នាទៅវិញទៅមក។ នៅក្នុងពិភពលោកយើងនេះ ការភ្ជាប់បណ្ដាញប្រទេសមួយទៅប្រទេសមួយ គឺជាផលចំណេញទាំងអស់គ្នា អាមេរិកក៏យើងភ្លើងពីកាណាដា ប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ក៏ប្រទាក់ក្រឡាគ្នាទោះបីជាមានតឹងតែងអីក៏នៅតែប្រើភ្លើងទៅវិញទៅមក នៅអាហ្វ្រិកក៏មានបណ្ដាញឆ្លងប្រទេសដូចគ្នា នៅក្នុងអាស៊ានយើងក៏មានផែនការ ដើម្បីភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានជាតិដូចគ្នា ជាពិសេសការប្រជុំជំនួបកំពូលអាស៊ានទាំង១០ នៅឯប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះ ក៏មានការលើកឡើងអំពីការភ្ជាប់បណ្ដាញអគ្គិសនីអាស៊ាន១០ ទាំងអស់គ្នាថ្ងៃអនាគត។ ដូច្នេះការបំភ្លឺនេះ គ្រាន់តែជាការបំភ្លឺជូនបងប្អូនជនរួមជាតិ ហើយសូមអំពាវនាវកុំឱ្យដុតរឿងទៅជារឿងផ្សេង សូមឱ្យប្រទេសទាំងអស់នៅក្នុងអាស៊ាន មានការសហការណ៍គ្នាជាបន្ត ថៃនិងកម្ពុជា ក៏ត្រូវសហការណ៍គ្នាបន្ត ដើម្បីចំណេញទៅចំណេញមក។ ដូច្នេះបញ្ហានេះ សូមឱ្យបងប្អូនទទួលយកនូវការពិតនេះ ហើយសូមសុំណូមពរ កុំឱ្យមានការផលិតព័ត៌មានក្លែងក្លាយទាំងឡាយ ដែលប្រាសចាកពីការពិត។ សូមអរគុណ!»។