(ព្រះវិហារ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្ដស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ដើម្បីការពារធិបតេយ្យជាតិ និងបូរណភាពទឹកដី ដោយមិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រណាជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

នៅចំពោះមុខកងកម្លាំងជួរមុខ ពេលកំពុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភជូនដល់តំបន់មុំបី ខេត្តព្រះវិហារ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់អំពីជំហរម៉ឺងមាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើសមរភូមិ៣ គឺការទូត ច្បាប់ និងយោធា ដើម្បីការពារបូរណភាពទឹកដី។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា មកទល់ពេលនេះ មានព័ត៌មានខ្លះមានចេតនាញុះញង់បំបាក់ ស្មារតីកងទ័ព រាជរដ្ឋាភិបាល ហើយធ្វើឲ្យប្រជាជន មហាជនខ្មែរ មានការមន្ទិលសង្ស័យទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការកែសម្រួលកងទ័ព និងការប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ។ ក្នុងន័យនេះ លោកពន្យល់ថា ជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល ត្រូវបានបង្ហាញឡើងតាមរយៈការបង្កើតគណៈកម្មការ ក្នុងការរៀបចំឯកសារប្ដឹងទៅតុលាការ ICJ។

លោកបានសង្កត់ធ្ងន់ថា «ក្នុងនាមជាប្រជាពលរដ្ឋ ត្រូវផ្ដល់កម្លាំងចិត្តជាប្រចាំទៅដល់កម្លាំងប្រដាប់អាវុធនៅជួរមុខ ជាមួយរាជរដ្ឋាភិបាល តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ម៉ោងនេះប្រទេសជាតិយើង ពិតជាត្រូវការយើង ត្រូវការយើងឲ្យមានជំហររួម ទៅលើភាពស្របច្បាប់ ឆន្ទៈមុះមុត ការពារទឹកដីកម្ពុជាចេញពីអ្នកឈ្លានពាន ហើយគេមានបំណង់ គេញុះញង់ កែច្នៃ លាបពណ៌យ៉ាងណាក៏ដោយទឹកដីកម្ពុជា នៅតែជាទឹកដីកម្ពុជា ហើយដើម្បីមានភាពច្បាស់លាស់យើងទៅតុលាការឡាអេ មាសសុទ្ធ មិនខ្លាចភ្លើង ហេតុអីគេមិនហ៊ានទៅ បើសិនគេមិនព្រួយបារម្ភ គេមានភាពច្បាស់លាស់របស់គេ»

បើតាមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី, ភាពស្របច្បាប់ និងភាពសុចរិតរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដី ដូចការប្រកាសរបស់សម្ដេចមហាបវរធិបតី និងសម្ដេចតេជោ ក៏ធ្លាប់បានលើកជាបន្ដបន្ទាប់ដែរថា កម្ពុជា មិនត្រូវការដីអ្នកណាសូម្បីមួយមីល្លីម៉ែត្រ តែកម្ពុជាក៏មិនអនុញ្ញាតឲ្យប្រទេសណាមកយកដីកម្ពុជាសូម្បីមួយមីល្លីម៉ែត្រ ហើយកម្ពុជាត្រៀមខ្លួនគ្រប់សមរភូមិ គួបផ្សំនឹងយោធាដើម្បីការពារបូរណភាពទឹកដី។

លោកបានបន្ដទៀតថា ទោះបីយ៉ាងណាក៏ដោយ ត្រូវជឿជាក់ និងផ្ដល់កម្លាំងចិត្តលើវិធានការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងតែធ្វើដោយមត់ចត់ជាជំហ៊ាន មូលដ្ឋានការពារជាតិ មូលដ្ឋានការទូត និងមូលដ្ឋានច្បាប់ ហើយពលរដ្ឋត្រូវរកប្រភពចេញមកពីជំហររបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ យកជាមូលដ្ឋាននៃព័ត៌មានផ្លូវការ កុំឲ្យចាញ់បោកញុះញង់ ឬប្រភពផ្សេងៗដែលមិនច្បាស់លាស់។

សូមជម្រាបថា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះទៅសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។

លោក ហ៊ុន ម៉ានី ជំនួសមុខឲ្យគណៈប្រតិភូ ជាពិសេស ក្នុងនាមប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈដែលត្រូវបាននាំមកប្រគល់ជូននាពេលនេះ បានធ្វើការថ្លែងអំណរគុណ និងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន៕