(ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានថ្លែងបញ្ជាក់ថា ឆ្នាំ២០២៤ ខេត្តសៀមរាប បានទទួលទេសចរអន្តរជាតិ ចំនួន ១,០២៣ ៦៨៨ នាក់ កើនឡើង ២៨.២៧% ដោយឡែកសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥២ម៉ឺននាក់ កើនឡើង ១១.៧១ % ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
លោក ថោង ខុន បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ទ.ស និងមានលោក លោកស្រី សមាជិក សមាជិកានៃ គ.អ.ទ.ស ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងផ្នែកឯកជន សរុបប្រមាណ ១៥០នាក់ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។
លោកប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានបន្ថែមថា តាមការព្យាករខេត្តសៀមរាប អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,២ ទៅ ១,៣លាននាក់ សម្រាប់ឆ្នាំ២០២៥នេះផងដែរ។
ទេសរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា កំណើននេះបានមកពីប្រសិទ្ធភាពនៃការដឹកនាំយកចិត្តទុកដាក់ផ្ទាល់របស់សម្ដេចមហាបវរធិបតី ការអនុវត្តវិធានការគន្លឹះទាំង ១៦ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញដូចជា៖ ការកាត់បន្ថយកម្រៃសិទ្ធិហោះហើរតែម្ខាង ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, ការដាក់ឱ្យដំណើការប្រព័ន្ធ E-Arrival, ការបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិក (E-Visa), ការសម្រួលការធ្វើដំណើរនៅតាមច្រកទ្វារអន្តរជាតិ, ការកែសម្រួលប្រព័ន្ធលក់សំបុត្រអង្គរ,ការកែសម្រួលម៉ោងបើក-បិទចូលទស្សនាប្រាសាទ, ការកែសម្រួលលក្ខខណ្ឌតម្រូវនៃការថតវីដេអូ និងរូបភាពសន្លឹកនៅអង្គរ, ការកែលម្អដងស្ទឹងសៀមរាប និងការកសាងផ្លូវទៅសហគមន៍ទេសចរណ៍កំពង់ភ្លុក,។
ការបន្តការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានអាជីវកម្មនៅខេត្តសៀមរាប, លើកលែងពន្ធលើប្រាក់ចំណូល មិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥, ការផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប ដើម្បីសម្រួលដល់អាជីវកម្មទេសចរណ៍ សម្រួលការធ្វើដំណើរ និងទស្សនារបស់ទេសចរ ក៏ដូចជា បង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍កម្ពុជា រួមនឹងការខិតខំរបស់ក្រសួង/ស្ថាប័នពាក់ព័ន្ធ៕