(ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ទ.ស និងមានលោក លោកស្រី សមាជិក សមាជិកានៃ គ.អ.ទ.ស ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងផ្នែកឯកជន សរុបប្រមាណ ១៥០នាក់។ នៅទីស្ដីការគណៈរដ្ឋមន្រ្តីកិច្ចប្រជុំបានផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗ ដូចជា ការដាក់ឱ្យប្រើប្រាស់សូចនាករត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២៥, ឯកសារទស្សនទានគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍ សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក, វឌ្ឍនភាព និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ភ្នំគូលែន, ចុងឃ្នៀស និងក្រុងសៀមរាប។
បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖
ទី១៖ អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើតារាងសូចនាករត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ដែល គ.អ.ទ.ស. បានចេញសេចក្តីណែនាំរួចហើយ។ អង្គប្រជុំយល់ឃើញថា សូចនាករតាមដាន និងត្រួតពិនិត្យនេះ មិនត្រឹមតែជារង្វាស់ប្រសិទ្ធភាព និងលទ្ធផលការងារប៉ុណ្ណោះទេ ថែមទាំងជាបង្គោលចរ និងគោលការណ៍តម្រង់ទិសសម្រាប់ការអនុវត្តវិធានការគន្លឹះ។
ទី២៖ អង្គប្រជុំបានកត់សម្គាល់ និងកោតសរសើរ ចំពោះរបាយការណ៍វឌ្ឍនភាពផែនការ អភិវឌ្ឍន៍ទេសចរណ៍នៅចុងឃ្នៀស និងក្រុងសៀមរាប។ អង្គប្រជុំស្នើឱ្យអង្គភាពគ្រប់គ្រងគោលដៅតាមតំបន់នីមួយៗ ឬស្ថាប័នមានសមត្ថកិច្ច ជាពិសេសគ្រឹះស្ថានអង្គរ ដែលជាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ នៅតំបន់បឹងទន្លេសាប (Sub-DMO) បន្តខិតខំជំរុញការងាររបស់ខ្លួនឱ្យស្របតាមទិសដៅដែលបានគ្រោងទុក។
ទី៣៖ អង្គប្រជុំបានឯកភាពលើសេចក្ដីព្រាង ឯកសារទស្សនាទាន(Concept Note) គម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក ដែលគម្រោងនេះនឹងចូលរួមកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ធានាបាននូវគុណភាពជីវិតដ៏ប្រសើរដល់ពលរដ្ឋមូលដ្ឋាន និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។ អង្គប្រជុំបានឯកភាពដាក់សេចក្ដីព្រាង ឯកសារទស្សនាទានគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍ សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក គោរពជូនសម្តេចមហាបវរធិបតី ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សំដៅឈានទៅរៀបចំប្លង់លម្អិត។
ទី៤៖ ចំពោះគោលដៅភ្នំគូលែន៖ អង្គប្រជុំបានស្នើឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បន្តកិច្ចសហការ និងពិភាក្សាគ្នាលំអិតបន្ថែមទៀតទៅលើទិដ្ឋភាពនៃការថែរក្សា អភិរក្សធនធានធម្មជាតិ បរិស្ថាន និងការៀបចំគ្រប់គ្រង និងអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍នៅទីនោះ។ គ.អ.ទ.ស. នឹងធ្វើការកោះប្រជុំដោយឡែកស្តីពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់គោលដៅទេសចរណ៍ភ្នំគូលែននេះ។
ទី៥៖ អង្គប្រជុំសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបានដាក់ចេញសេចក្តីសម្រេច ស្ដីពីការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥។ អង្គប្រជុំប្ដេជ្ញាសហការបំពេញភារកិច្ច អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមការចង្អុលបង្ហាញក្នុងសកម្មភាពនីមួយៗនៃវិធានការគន្លឹះនេះ ហើយអង្គប្រជុំក៏បានឯកភាពគ្នា រៀបចំបូកសរុបលទ្ធផល និងការងារសម្រេចបានសម្រាប់រយៈពេល ៩ខែ និង១២ខែ នៃការអនុវត្តវិធានការគន្លឹះនេះ។
ករណីប្រសិនបើមានសកម្មភាពណា ដែលមិនទាន់អនុវត្តចប់ទាំងស្រុង ឬមិនទាន់បានអនុវត្ត ត្រូវស្នើសុំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីធ្វើការរំកិលសកម្មភាពអនុវត្តទៅឆ្នាំ២០២៦ តាមលទ្ធភាពជាក់ស្តែងផងដែរ៕