(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយ៥ ក្រោមទុនវិនិយោគជាង ៦០លានដុល្លារ នឹងលេចរូបរាងនៅទឹកដីក្រុងបាវិត នាពេលឆាប់ៗខាងមុខនេះ។

ការបញ្ជាក់របស់លោកបានធ្វើឡើងក្នុងឱកាសដែលលោក តំណាងឱ្យលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យទីតាំងគម្រោងស្នើសុំវិនិយោគសាងសង់​ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ របស់ក្រុមហ៊ុន YUNYA Hotel Co.,Ltd ក្រោមទុនវិនិយោគជាង ៦០លានដុល្លារ ដែលមាន​លោក ​SHEN LeiLei មកពីខេត្តជើជាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ជាម្ចាស់ភាគហ៊ុន។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីក្រុមការងារអន្តរក្រសួងដឹកនាំដោយ​លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃគណ:កម្មាធិការវិនិយោគ​កម្ពុជា​ផងដែរ។

នាឱកាសនោះលោក សរ សុដានី បានថ្លែងថា បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក ប៉េង​ ពោធិ៍សា​ គម្រោងវិនិយោគជាច្រើនកំពុងកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះ គម្រោងវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មាន២៨០បន្ទប់ ៧០វីឡា មានភោជនីយដ្ឋាន ស្ទីម​សូណា ផ្សារទំនើប និងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះនៅលើទឹកដី​ ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគនេះ អាចបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋជាង៥០០កន្លែង ហើយនេះជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕