(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា២លានរៀល លើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា ដែលបានបង្រ្កាបជនសង្ស័យ០៣នាក់ ឆក់ទូរស័ព្ទដៃ ជនរងគ្រោះដ៏សកម្មនៅមូលដ្ឋានរាជធានីភ្នំពេញ។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាក ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧ មករា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៤៥នាទីរសៀល បានបង្ក្រាបជនសង្ស័យ០៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋនៅចំណុចមុខស្តាតអូឡាំពិក ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យ ០៣នាក់ រួមមានទី១៖ ឈ្មោះ ហោ វណ្ណ ហៅ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ, ទី២ឈ្មោះ សុខ ខេង ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ និងទី៣៖ មាស សុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ។
ជនសង្ស័យទាំង០៣នាក់ខាងលើ ជាមុខសញ្ញាចាស់ (ធ្លាប់ជាប់ពន្ធនាគារ) និងបានធ្វើសកម្មភាពឆក់ចំនួន ០៨ករណី៖ ៧មករា ០៣ករណី, ដូនពេញ ០១ករណី, ទួលគោក ០២ករណី, ចំការមន ០១ករណី និងឬស្សីកែវ ០១ករណី។
វត្ថុតាងដកហូតបានរួមមានទូរស័ព្ទដៃចំនួន ០៤គ្រឿង, Ipad ០១គ្រឿង, ម៉ូតូ ០២គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីអនុវត្តតាមនិតិវិធី៕