(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បន្តក្រើនរម្លឹកប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈតាមដាន និងទទួលព័ត៌មានលើបណ្តាញសង្គម ស្តីពីរឿងព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសមាតិកាដែលមានចរិតញុះញង់ បញ្ឆេះកំហឹងសាធារណៈ ព្រោះគេនៅសង្កេតឃើញមានអ្នកឆ្លៀតឱកាសនិយមមួយក្រុមតូច ដែលតែងក្លែងបន្លំខ្លឹមសារដោយរូបភាព ឬការសរសេរ ឬអត្ថាធិប្បាយក្តី បែបបញ្ឆិតបញ្ឆៀង លែបខាយ ឬដៀមដាមក្នុងគោលបំណងញុះញង់ឱ្យពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជា បញ្ឆេះកំហឹងពលរដ្ឋជុំវិញប្រធានបទព្រំដែននេះដើម្បីបន្ទាបសេចក្តីទុកចិត្តរបស់ពលរដ្ឋមកលើការដឹកនាំ និងលើរឿងព្រំដែនជាមួយប្រទេសជិតខាង។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នជានិច្ច កុំចែកចាយ ឬផ្សាយព័ត៌មានដែលមិនមែនបានមកពីប្រភពផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានបែបកាឡៃ ព័ត៌មានក្លែងក្លាយ។ សូមប្រជាពលរដ្ឋមេត្តាកត់ចំណាំទុកនូវរាល់គណនី ឬផេកមួយចំនួនដែលតែងផ្សាយខ្លឹមសារបែបញុះញង់ មាតិកាមានចរិតបំពុលសង្គម ធ្វើឱ្យមានភាពជ្រួលច្របល់ ឬបង្កការភ័យខ្លាចដោយគ្មានហេតុផល ពុំមានមូលដ្ឋាន ឬអំណះអំណាងពិតប្រាកដ។
លោក ទេព អស្នារិទ្ធ បានបន្ថែមថា សម្រាប់គណនី ឬផេកបែបនេះ សូមពលរដ្ឋយើងកុំអាន កុំចូលមើល ឬអូសរំលងនិងកុំចែកចាយបន្តឱ្យសោះ។ ប្រសិនបើអាច សូមពលរដ្ឋយើងចូលរួមReport ផុស/មាតិកាប្រភេទនេះ ដើម្បីទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិតក្នុងការបង្កអសន្តិសុខសង្គម ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ សូមកុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពណាដែលនាំឱ្យមានការរើសអើងលើជាតិសាសាសន៍។
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ពីគ្រោះថ្នាក់ ផលវិបាកនានា ដែលព័ត៌មានក្លែងក្លាយអាចបង្កឡើង សូមបោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយទាំងមិនទាន់បានអានស្រួលបួល ឬមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន ផងនោះ។ កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុង ពោលគឺត្រូវស្វែងរក និងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការ ក្នុងនោះមានប្រភពព័ត៌មានរបស់រាជរដ្ឋាភិបាល អ្នកនាំពាក្យរបស់ក្រសួង ស្ថាប័នក្នុងវិស័យពាក់ព័ន្ធ ប្រភពពីសមត្ថកិច្ច និងភាគីពាក់ព័ន្ធដែលមានជំនាញនិងជាអ្នកទទួលបន្ទុកលើប្រធានបទ ឬសាច់រឿងនោះ និងស្វែងរកព័ត៌មានពីប្រភពសារព័ត៌មានក្នុងស្រុករដ្ឋនិងឯកជន ដែលមានវិជ្ជាជីវៈត្រឹមត្រូវ និងក្រមសីលធម៌ប្រាកដ៕