(ភ្នំពេញ)៖ កម្ពុជា និងថៃ បានព្រមព្រៀងគ្នាសម្រួលឱ្យសិស្សបានឆ្លងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា ដោយពេលព្រឹកឆ្លងចន្លោះម៉ោង៦ ដល់ម៉ោង៨ និងពេលល្ងាចម៉ោង៥ និងម៉ោង៦។
ការសម្រេចផ្លាស់ប្តូរពេលវេលា (បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច)ឆ្លងកាត់ព្រំដែនជាឯកតោភាគីរបស់ថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះ ធ្វើបង្កការលំបាក និងប៉ះពាល់ដល់សិស្សដែលឆ្លងកាត់ព្រំដែនសិក្សាទាំងនៅខាងកម្ពុជា និងខាងថៃ។
ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មានលោកអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជួបសំណេះសំណាលជាមួយភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ធីវ៉ាត់ ផើងប្រាភ័ត្ត មេបញ្ជាការរងកងកម្លាំងបូព៌ា ដើម្បីសម្របសម្រួលដល់ការចេញ-ចូល របស់សិស្សានុសិស្សកម្ពុជា ដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ប្រទេសថៃ ឱ្យបានចូល-ចេញនៅវេលាម៉ោង ០៦.០០នាទីព្រឹក ទាំងសិស្សានុសិស្ស ដែលចូលមកសិក្សានៅប្រទេសកម្ពុជា និងសិស្សានុសិស្ស ដែលចូលទៅសិក្សានៅប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមរយៈការជជែកនេះភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាជួយសម្រួលដល់ការចេញចូលរបស់សិស្សដោយពេលព្រឹកចេញចូលវេលាម៉ោង ៦៖០០នាទី - ៨៖០០នាទី ហើយពេលល្ងាចចេញចូល វេលាម៉ោង ១៧៖០០នាទី - ១៨៖០០នាទី។ ការសម្រួលនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥តទៅ៕