(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់និស្សិតទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវវិន័យល្អ និងលើកកម្ពស់តម្លៃនៃការសិក្សា ព្រមទាំងដាក់ពេលវេលាសម្រាប់ការស្រាវជ្រាវ និងស្វ័យសិក្សាបន្ថែម ដើម្បីពង្រឹង និងពង្រីកចំណេះដឹងនិងជំនាញ​សម្រាប់ចូលក្នុងទីផ្សារការងារប្រកបដោយភាពប្រកួតប្រជែង។

នាឱកាសនោះដែរ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍មានសារៈសំខាន់ និងជាអាទិភាពចំបងមួយក្នុងបេសកកម្មរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមនសិកាវិជ្ជាជីវៈ ដើម្បីលើកស្ទួយវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជាឱ្យកាន់តែរីកចម្រើនឡើង ប្រកបដោយភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងការវិវត្តនៃសង្គម ពីព្រោះការអភិវឌ្ឍមូលធនមនុស្ស ត្រូវការឆន្ទៈពិតប្រាកដផ្នែកយុទ្ធសាស្ត្រដឹកនាំ ដែលក្រសួងបានដាក់ចេញហើយ និងការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសអ្នកដែលទទួលផលពីបេសកកម្មនេះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យផ្តល់ពេលវេលាដល់ខ្លួនឯងក្នុងការស្វែងរកឱកាសការចុះហាត់ការ (ហាត់ធ្វើការ) ជាមួយក្រសួង ស្ថាប័នរដ្ឋ ឯកជន ដែលលោកហៅថាជាការវិនិយោគមួយសម្រាប់និស្សិតខ្លួនឯង ខណៈនៅកំពុងសិក្សា ដើម្បីទទួលបានបទពិសោធន៍ការងារ ដោយការផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង។ បន្ថែមលើនេះ ការហាត់ការនឹងផ្តល់ដល់និស្សិតនូវបំណិនជីវិត បំពាក់សមត្ថភាពក្នុងការបំពេញការងារ និងលើកកម្ពស់ការប្រកួតជែងក្នុង និងក្រៅប្រទេសថែមទៀត៕