(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកសិក្ខាសាលាបណ្តុះបណ្តាលបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតយុត្ត (Regulatory Impact Assessment-RIA) ជូនដល់មន្ត្រីរបស់ខ្លួនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
សិក្ខាសាលាស្តីពីការបណ្តុះបណ្តាលបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតយុត្ត បានធ្វើឡើងក្រោមអធិបតីភាពសហប្រធានលោក ឃួន រ៉ានីន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងលោក ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ជនិងវប្បធម៌។
ក្នុងសិក្ខាសាលានេះ មានវាគ្មិនចំនួនបីរូបរួមមាន លោក ប៉ិច សុខា លោក អេង រត្នមុនី និងលោក នៅ បោនន័រ មកពីក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងមន្ត្រីរបស់ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា មានចំនួនអ្នកចូលរួម ៩៣នាក់ ស្រី ២៧នាក់។
វិធីសាស្ត្រ RIA គឺការវាយតម្លៃលើផលប៉ះពាល់នៃច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងឯកសារផ្សេងៗទៀត ដែលជាវិធីសាស្ត្រមួយត្រូវបានទទួលស្គាល់ និងអនុវត្តជាយូរណាស់មកហើយដោយប្រទេសសមាជិក OECD (Organisation for Economic Co-operation and Development) ដែលមានប្រមាណ៣៨ប្រទេស ហើយភាគច្រើជាប្រទេសអភិវឌ្ឍន៍ជឿនលឿននៅលើពិភពលោក ។
នៅប្រទេស ASEAN បានទទួលស្គាល់គោលការណ៍ឧត្តមានុវត្តលិខិតបទដ្ឋានគតិយុត្ត (Good Regulatory Practice-GRP)ចាប់តាំងពីឆ្នា២០០៥ ហើយបានចែងជាគោលការណ៍ផ្លូវការនៅកិច្ចប្រជុំ ASEAN នៅទីក្រុងបាងកកក្នុងខែ កុម្ភៈ ឆ្នាំ២០០៩ «ASEAN Good Regulatory Practice(GRP) Guide» ហើយជាបន្តបន្ទាប់មកទៀត ដូចជានៅឆ្នាំ២០១៩ បានចេញ «ASEAN Guidelines on Good Regulatory Practice» បានកំណត់យក RIA ជាឧបករណ៍បច្ចេកទេសហើយនៅឆ្នាំ២០២២បានចេញ «ASEAN Handbook on Good Regulatory Practice»។
នៅខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ ASEAN បានប្រកាសអំពីចក្ខុវិស័យជាថ្មីបន្តទៀត គឺ «ASEAN 2045 OUR SHARED FUTURE» គឺនៅតែប្រកាន់យកឧត្តមានុវត្តលិខិតបទដ្ឋានគតិយុត្ត(GRP) ដដែល ក្នុងការអនុវត្តរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ មានន័យថាវិធីសាស្ត្រ RIA នេះ វាជាឧបករណ៍មួយក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត នឹងជួយកាត់បន្ថយជាអតិបរិមានូវផលអវិជ្ជមានដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ហើយជួយកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋាភិបាលលើការអនុវត្ត និងបន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច ជួយកាត់បន្ថយការិយាធិបតេយ្យ និងវិសាលភាពជាន់គ្នា និងអាចផ្តល់នូវជម្រើសចំណាយតិចផង ហើយវាក៏នឹងនាំឱ្យបង្កើនតម្លាភាព គណនេយ្យភាព និងជំនឿទុកចិត្តពីសាធារណជន និងធុរជនលើលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តទៀតផង។
សំខាន់ជានេះទៅទៀត ការអនុវត្តវិធីសាស្ត្រ RIA នេះ នឹងផ្តល់ព័ត៌មានបានគ្រប់ជ្រុងជ្រោយអំពីបន្ទុកចំណាយ និងផលចំណេញនៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ឯកសារផ្សេងៗជាដើម ជូនថ្នាក់ដឹកនាំ ដើម្បីងាយស្រួលក្នុងការសម្រេច។
កម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ១៣២ ស្តីពីការការបង្កើតក្រុមការងារRIAនៅគ្រប់ក្រសួង-ស្ថាប័ន ដើម្បីយកវិធីសាស្ត្រ RIA នេះទៅអនុវត្តក្នុងការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត និងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធី នៃការតាត់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដោយក្នុងនោះមានការបញ្ជាក់អំពីការអនុវត្ត RIA។
ការអនុវត្ត RIA នឹងអាចចូលរួមចំណែកដ៏សំខាន់ដល់ការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលមានស្នូលនៃយុទ្ធសាស្រ្ត៖ «ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច» ហើយបញ្ចកោណទី២៖ «ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង»។
តាមបទពិសោធន៍ ការអនុវត្ត RIA បានជោគជ័យ គឺអាស្រ័យទៅលើក្រុមការងារ RIA នៅតាមក្រសួងសាមីជាអ្នកអនុវត្ត ព្រមទាំងមិនអាចខ្វះបានពីការគាំទ្រពីថ្នាក់ដឹកនាំរបស់ក្រសួង (រដ្ឋមន្រ្តី) និងការសហការល្អពីគ្រប់អង្គភាពក្នុងក្រសួង ព្រោះការរៀបចំរបាយការណ៍ RIA មិនអាចអង្គុយសរសេរម្នាក់ឯងបានទេ គឺត្រូវការទិន្នន័យជាចម្បង។ ក្រុមការងារ RIA នៅតាមក្រសួងសាមី នឹងទៅជាគ្រូបង្គោលក្នុងការអនុវត្តRIAនៅតាមក្រសួងសាមីរាងៗខ្លួន៕