(បាត់ដំបង)៖ សហគ្រិនខ្មែរ និងសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំបើកដំណើរការកម្មវិធីសហគ្រិនមហាវិទ្យាល័យ សាកលវិទ្យាល័យជាតិបាត់ដំបង រដូវកាលទី ៣  ដែលមានការចូលរួមពីតំណាងសហគ្រិនខ្មែរ លោក ពក បញ្ញាពេជ្រ អ្នកឯកទេសជាន់ខ្ពស់អភិវឌ្ឍសហគ្រិនភាព និងនវានុវត្តន៍លោក ទេព នាវា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង គណៈគ្រប់គ្រង សាស្ត្រាចារ្យ   និស្សិត និងភ្ញៀវកិត្តិយសសរុបប្រមាណជាង១០០នាក់។

កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ បាននាំក្រុមនិស្សិតចំនួនប្រមាណ ២០ក្រុម ឬ១០០នាក់ ដែលមានសមត្ថភាពធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាអ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្មវិធីទាំងមូលថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើកតែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាស បង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានមានប្រសាសន៍ផ្តាំផ្ញើដល់កម្មវិធីទាំងមូលថា «ដើម្បីអភិវឌ្ឍសហគ្រាសពីធុនតូចទៅជាធុនមធ្យម និងពីធុនមធ្យមទៅជាធុនធំ និងចុងក្រោយក្លាយជាក្រុមហ៊ុនអន្តរជាតិ សហគ្រាសត្រូវការធាតុបីសំខាន់គឺហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព។ សហគ្រិនមហាវិទ្យាល័យសាកលវិទ្យាល័យជាតិបាត់ដំបងអាចជួយពង្រឹងសមត្ថភាព សហគ្រិនភាពនិងសមត្ថភាពបច្ចេកវិទ្យាបន្ថែមលើហិរញ្ញវត្ថុដើម្បីជួយសម្រេចបេសកកម្មនៃការពង្រីកខ្លួន របស់សហគ្រាសដើម្បីបង្កើតការងារដែលមានផលិតភាពក្នុងចំនួនច្រើន»។

លោក ទេព នាវា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានមានប្រសាសន៍ថា «សាកលវិទ្យាល័យជាតិបាត់ដំបងមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍មានបេសកម្មតម្រង់ទិសអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវដោយផ្សារភ្ជាប់ជាមួយឧស្សាហកម្មដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា»។

កម្មវិធីនេះ គឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ(UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និង វិស័យឯកជន។

ក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានឱកាសក្លាយជាក្រុមជម្រើសចូលរួមក្នុងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មីជាមួយក្រុមធំ ដែលមានសាកលវិទ្យល័យចំនួនប្រមាណ ៥០ មកពីទូទាំងប្រទេសកម្ពុជា ដូចជា កម្មវិធី UnipreneurCamp, UnipreneurSprint ។ ចំណែកឯក្រុមក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសបន្តក្នុងការប្រកួតថ្នាក់ជាតិ (UnipreneurNational Challenge )។

ប្រសិនបើចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មរបស់សហគ្រិនមហាវិទ្យាល័យសាកលវិទ្យាល័យជាតិបាត់ដំបង សូមទំនាក់ទំនង លោក ពក បញ្ញាពេជ្រ តាម លេខទូរស័ព្ទ ០៨៩ ៩៥៩ ៨៧១ ឬបណ្ឌិត ថាច់ ប៊ុនរឿន តាមលេខទូរស័ព្ទ ០១២ ៥២៦ ២០៣៕