(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ចំពោះវត្តមាន លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA)។
ក្នុងជំនួបនេះ អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះកិច្ចសហការ និងការផ្ដល់ការគាំទ្ររបស់ JICA នាពេលកន្លង មករួមមាន វិស័យអភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ, ការបណ្តុះបណ្តាលមន្ត្រី, គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាបក្នុងគោលដៅផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជូនប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ដើម្បី កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
លោក SANUI Kazumasa បានជម្រាបជូនអំពីសមិទ្ធផលនានារបស់គម្រោង ទីក្រុងឆ្លាតដំណាក់កាលទី០១ដែលបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ ហើយ JICA នឹងបន្តកិច្ចសហការជាមួយរដ្ឋបាល ខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធនានាក្នុងដំណើរការគម្រោងទីក្រុងឆ្លាតដំណាក់កាលទី០២ (២០២៥-២០២៨)។
លោក SANUI Kazumasa ក៏បានលើកឡើងពីការផ្ដល់ការគាំទ្ររបស់ JICA ក្នុងការចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរមនុស្ស ដូចជាការផ្តល់យោបល់លើសេចក្ដីណែនាំស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ព្រមទាំងការផ្ដល់ការគាំទ្រលើជំនួញបច្ចេកទេស 3Es របស់ JICA ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងលើគម្រោងផ្លូវជាតិលេខ៥។
ជាការឆ្លើយតប អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះ ការផ្ដល់ការគាំទ្ររបស់ JICA លើគម្រោងទាំង០៣ ខាងលើ និងបានស្នើសុំ JICA បន្តផ្តល់ការគាំទ្រលើការងារអភិបាលកិច្ចមូលដ្ឋានតាមរយៈការចុះតាមមូលដ្ឋានដើម្បីវាយតម្លៃជាក់ស្តែង បន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាត បន្តចូលរួមសហការក្នុងការងារការពារជនរងគ្រោះពីអំពើជួញដូរមនុស្ស បន្តផ្តល់ការបណ្ដុះបណ្តាលពលរដ្ឋ តាមមូលដ្ឋាន និងសហការជាមួយស្ថាប័ន មានសមត្ថកិច្ចដើម្បីចូលរួមក្នុងការងារសុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយក្រសួងមហាផ្ទៃស្វាគមន៍ជានិច្ចចំពោះ កិច្ចសហការនានារវាងក្រសួងមហាផ្ទៃ និងJICA៕