(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Bridgette L. Walker ភារៈធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានជម្រាបជូនលោកស្រី ភារៈធារីស្ដីទី អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន នាពេលកន្លងមក។ ជាមួយគ្នានេះដែរ
លោករដ្ឋមន្រ្តី និងលោកស្រីភារៈធារីស្ដីទី ក៏បានពិភាក្សាលើការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងការធ្វើទំនើបកម្មស្ថាប័ន គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ថ្នាលពហុបំណង DG SuperApp និងថ្នាលជាច្រើនទៀត ព្រមទាំងទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងទៅកាន់ក្រុមហ៊ុន Plug and Play នៅតំបន់ Silicon Valley សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។
មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី និងលោកស្រីភារៈធារីស្ដីទី បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕