(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ពរបស់
បុគ្គល អែម ពិសិដ្ឋ គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ឱ្យដឹងថា នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ Amy Richard310 និងហ្វេសប៊ុកឈ្មោះ Piseth PG EM ដើម្បីញុះញង់បំបាក់ទឹកចិត្តកងទ័ព ធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ។
ជាក់ស្តែងបុគ្គលឈ្មោះ អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ។ រូបគេគឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ដូចនេះទៀតថា «ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន ជាពិសេសក្នុងពេលដែលកងទ័ពកម្ពុជាកំពុងប្រឈមមុខនឹងកងទ័ពថៃ នៅចំណុចព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមស្នើឱ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើជននេះ ឱ្យបានម៉ឺងម៉ាត់បំផុត»។
នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាបោកបញ្ឆោត ដូចករណីខាងលើនេះ និងសូមមានការប្រុងប្រយ័ត្ន កុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព និងសូមតាមដានព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕