(ភ្នំពេញ)៖ លោក មែ ស៊ីថន ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកសារលែកទុក្ខ និងថវិការបស់សម្ដេចនាយករដ្ឋមន្ដ្រី ចូលរួមបុណ្យសព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពដោយជរាពាធ។

តាមរយៈសាររំលែកទុក្ខផ្ញើជូនលោកជំទាវ សាប៊ី ពិន្ថា ភរិយារបស់សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ព្រមទាំងក្រុមគ្រួសារ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា ខ្ញុំ និងភរិយាមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ត្រូវជាស្វាមីដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវ លោកបានទទួលមរណភាពនៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ខ្ញុំ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ ការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗជាទីស្រឡាញ់ ព្រមទាំងជាការបាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយ ឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ។ ឯកឧត្តមកិត្តិនីតិ- កោសលបណ្ឌិត បានរួមចំណែកយ៉ាងប្រត្យក្ស ក្នុងការលើកកម្ពស់តម្លៃ នៃនីតិរដ្ឋប្រកបដោយឧត្តមគតិ ជ្រៅជ្រះខ្ពង់ខ្ពស់ជាអនេកប្បការ។

ជាមួយគ្នានេះដែរ ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕