(កោះកុង)៖ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន និងលោក វាន់ឡាល់វាវណា បាវិតលុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសអបអរសាទរស្រុកស្រែអំបិល ក្នុងខេត្តកោះកុង ជាស្រុកដែលអស់មីន។
ពិធីប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានទទួលស្វាគមន៍លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង និងលោក សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងមានការចូលរួមអបអរសាទរមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋសិស្សានុសិស្សរួមជាច្រើនរូប។
ក្នុងឱកាសនោះ លោក ស្រេង ហុង បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរដែនដីខេត្ត លោកមានពិតជាមានក្តីរំភើបរីករាយចំពោះសម្ធិផលដ៏ត្រចះត្រចង់នៅពេលនេះ ដែលអាជ្ញាធរចាត់ទុកជាថ្ងៃប្រវត្តិសាស្រ្តដ៏ឧត្តុងឧត្តម សម្រាប់ស្រុកស្រែអំបិល ក្រោយទទួលបានជោគជ័យប្រកបដោយមោទនៈភាព ក្នុងការកំចាត់ឃាតកលាក់មុខដែលបានលាក់ខ្លួន ក្នុងដីជាង៤០ឆ្នាំ ហើយបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋ ធ្វើឲ្យធ្លាក់ខ្លួនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា ដោយសារមរតកសង្គ្រាមបន្សល់ទុក្ខ គឺគ្រាប់មីននេះ។
អាជ្ញាធរខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ នៃអាជ្ញាធរមីន និងមន្ត្រីរាជការខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ នៃខេត្តកោះកុង ដែលបាននិងកំពុងបំពេញតួនាទី ភារកិច្ចចូលរួមចំណែកយ៉ាងសកម្ម និងឥតរុញរាដើម្បីបុព្វហេតុជាតិ មាតុភូម និងប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ដ្រី លី ធុជ បានចូលរួមអបអរសាទរចំពោះការប្រកាសស្រុកស្រែអំបិលជាស្រុកអស់មីន ដែលនេះជាសម្ធិផលដែលប្រទេសឥណ្ឌា បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការកំចាត់គ្រាប់មីនឲ្យអស់ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើស្រែចំការ ដោយសុវត្ថិភាពមិនគ្រាប់មីនបន្តទៀត។ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា និងអគ្គរាជទូតឥណ្ឌា ដែលចូលរួមសហការយ៉ាងសកម្មក្នុងជួយកំចាត់គ្រាប់មីននៅកម្ពុជា៕