(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។
ពិធីនេះមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប ព្រមទាំង ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ទីរអង្គភាពក្នុងខេត្ត និងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺសំដៅស្វែងរកការឯកភាពគ្នា ការពារឧត្តមប្រយោជន៍នៃការអភិរក្ស និងដើម្បីលើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ បង្កលក្ខណៈឲ្យភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងបង្កើនឱកាសសេដ្ឋកិច្ចផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាភាគច្រើន គឺចង់មកទស្សនាប្រាសាទអង្គរវត្ត ដូច្នេះ យើងត្រូវគិតគូរការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បែបណាឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋ មានភាពស្អាត មានរបៀប មានសណ្ដាប់ធ្នាប់ កន្លែងលក់ដូររបស់ពួកគាត់ស្អាត និងមានអនាម័យប្រកបដោយផាសុខភាព។ ក្នុងពេលភ្ញៀវទេសចរ បានមកដល់មានអារម្មណ៍ស្រស់ស្រាយ ដែលជាចំណែកទាក់ទាញភ្ញៀវទេសចរឲ្យមកកាន់តែច្រើន។
ឧបនាយករដ្ឋមន្ត្រី បន្តថា នៅរសៀលនេះយើងជួបអ្នកអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធ ហើយនៅថ្ងៃបន្ទាប់យើងនឹងជួបជាមួយប្រជាពលរដ្ឋ ចំនួន១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីចង់បានការឯកភាពគ្នា ជាការពិគ្រោះយោបល់ក្នុងការប្រមូលធាតុចូល ដើម្បីជាការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់អង្គរ ហើយនឹងបង្ហាញថា ភូមិនិមួយៗអាចធ្វើអ្វីបានខ្លះ មិនអាចធ្វើអ្វីបានខ្លះ។
ឧបនាយករដ្ឋមន្ត្រី បន្ថែមថា នេះជាជំហានថ្មីមួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប, អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា ដោយធ្វើការពិនិត្យឡើងវិញ នូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្តិ របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឲ្យមានការយល់គ្នាកាន់តែច្រើន រវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារ និងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឲ្យស្របទៅតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត លើការរៀបចំផ្ទះសំបែងឲ្យរៀបរយ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ។
ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅខេត្តសៀមរាប ដើម្បីធ្វើជាគំរូ សម្រាប់យកទៅអនុវត្តបន្ត នៅខេត្តផ្សេងៗទៀត៕