(ស្វាយរៀង)៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅក្រុងបាវិត។
កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា កាលនៅវេលាម៉ោង១៣៖២៥នាទី រសៀល រហូតដល់ម៉ោង៦៖៥០នាទីព្រលប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ធ្វើប្រត្តិបត្តិការបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបន្តថា នៅចំណុចខាងមុខហ្គារាស់សាំង CALTEX ផ្លូវជាតិលេខ១ ស្ថិតនៅភូមិតាបឹប និងនៅចំណុចបន្ទប់លេខG07 យីហោបន្ទប់ជួល68 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ និងដកហូតវត្ថុតាង រួមមាន៖ ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន៥កញ្ចប់ស្មើ ៤៥៥ គ្រាប់ មានទម្ងន់៥១.៩០ក្រាម (គិតទាំងសំបកវេចខ្ចប់) ជាមេតំហ្វេតាមីន ម្សៅម៉ត់ពណ៌សចំនួន១៦កញ្ចប់ មានទម្ងន់៣០.០០ក្រាម (គិតទាំងសំបកវេចខ្ចប់) ជាកេតាមីន ក្រាមម៉ត់ពណ៌សថ្លា ចំនួន១៣កញ្ចប់ មានទម្ងន់ ៦៤.៥០ក្រាម (គិតទាំងសំបកវេចខ្ចប់) ជាកេតាមីន ថ្នាំកញ្ចប់ពណ៌ស សញ្ញារូបសេះ ចំនួន១កញ្ចប់មានទម្ងន់៨.៩០ក្រាម (គិតទាំងសំបកវេចខ្ចប់) ជាអ៉ិចស្រ្តាស៊ី ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន១០គ្រាប់មានទម្ងន់ ៣.៩០ក្រាម (គិតទាំងសំបកវេចខ្ចប់) អ៉ិចចស្រ្តាស៊ី ម្សៅម៉ត់រឹងពណ៌ស ចំនួន១កញ្ចប់មាន ទម្ងន់៥.៤០ក្រាម (គិតទាំងសំបកវេចខ្ចប់) ជាកេតាមីន។
ជាមួយគ្នានេះ ក៏ត្រូវបានដកហូតថ្នាំគ្រាប់ពណ៌បៃតងចំនួន០៥ កញ្ចប់ស្មើនឹង១៦គ្រាប់ មានទម្ងន់៧.៤០ក្រាម (គិតទាំងសំបកវេចខ្ចប់) ជាអ៉ិចស្រ្តាស៊ី ថ្នាំកញ្ចប់ពណ៌ខៀវរូបអក្សចិន ចំនួន២ កញ្ចប់ មានទម្ងន់២១.៧០ក្រាម (គិតទាំងសំបកវេចខ្ចប់) ជាអ៉ិចស្រ្តាស៊ី ម្សៅម៉ត់រឹងពណ៌សចំនួន១កញ្ចប់មានទម្ងន់០.៤០ក្រាម (គិតទាំងសំបកវេចខ្ចប់) ជាហេរ៉ូអ៉ីន រថយន្តចំនួន១គ្រឿង ម៉ូតូចំនួន២គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២គ្រឿង ទូរសព្ទដៃចំនួន៤ គ្រឿងកាបូបសម្រាប់ដាក់ថ្នាំញៀនចំនួន២ លិខិតឆ្លងដែនចំនួន៣ក្បាល អត្តសញ្ញាណបណ្ណ ចំនួន៣សន្លឹក សម្ភារប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕