(កំពង់ស្ពឺ)៖ លោក ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ កាលពីសប្តាហ៍មុនកន្លងទៅ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធាន និងមន្រ្តីអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ស្ពឺ»។
ពិធីនេះក៏មានការចូលរួមជាគណៈអធិបតីពី ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក លោកស្រី អភិបាលរងខេត្តកំពង់ស្ពឺ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីរដ្ឋបាលតុលាការ ស្នងការនគរបាល មន្ត្រីរដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត និងមន្ទីរពាក់ព័ន្ធ សរុបចំនួន៩៨នាក់។ សូមជម្រាបថា លោក កុយ ថា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានអង្គភាព អាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ស្ពឺ និងមន្រ្តី៣រូបទៀត។
ក្នុងឱកាសនោះ លោកស្រី ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ បានថ្លែងថា ស្ថាប័នតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ មានការទំនាក់ទំនងគ្នាបានយ៉ាងល្អ ដែលបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានយ៉ាងច្រើន និងជំរុញឲ្យអង្គភាពទាំង២ បន្តសហការគ្នាកាន់តែខ្លាំងឡើង ធ្វើយ៉ាងឲ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្តៅ និងជំនឿទុកចិត្តខ្ពស់។
លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានលើកឡើងពីប្រវត្តិ និងសមត្ថកិច្ចនៃការអនុវត្តសេចក្តីសម្រេចតុលាការ ហើយថា អាជ្ញាសាលាមានតួនាទីសំខាន់ណាស់នាពេលនេះ ទាំងការអនុវត្តសេចក្តីសម្រេចតុលាការផ្នែករដ្ឋប្បវេណី (ពាក់ព័ន្ធនឹងចលនវត្ថុ ការរុះរើ ការបណ្តេញចេញ ការលក់....) និងការបញ្ជូននានា រាប់ទាំងការបញ្ជូនផ្នែកព្រហ្មទណ្ឌផងដែរ។
លោកព្រះរាជអាជ្ញា ក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តជួយគាំទ្រ និងសហការចូលរួមក្នុងការអនុវត្តការងារតាមការស្នើសុំរបស់អង្គភាពអាជ្ញាសាលាឱ្យកាន់តែល្អប្រសើរ។
នៅក្នុងពិធីនេះផងដែរលោក ឡុង កេសភីរម្យ ប្រធានសាលាដំបូង ក៏បានមានមតិផ្តាំផ្ញើប្រធានអង្គភាពអាជ្ញាសាលា ត្រូវខិតខំប្រឹងប្រែងបំពេញការងារ និងដឹកនាំអង្គភាព ព្រមទាំងមន្ត្រីក្រោមឱវាទ សំដៅធានាការអនុវត្ត ការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងអនុវត្តត្រឹមត្រូវតាមច្បាប់ជាធរមាន ហើយលោកក៏បានជម្រាបជូនអង្គពិធីនូវប្រសាសន៍ដ៏មានអត្ថន័យរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលលោកមានប្រសាសន៍ថា «នៅចំពោះចៅក្រម គឺនិយាយពីច្បាប់, នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌, នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ, នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយ ពីសច្ចធម៌» និងបានលើកឡើងនូវប្រសាសន៍របស់ លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ដែលលោកមានប្រសាសន៍ថា «ការដោះស្រាយវិវាទ មិនត្រឹមតែបានចេញសេចក្តីសម្រេចប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថាសេចក្តីសម្រេចនោះយកទៅអនុវត្តបាន និងបញ្ចប់វិវាទ»។
ជារបៀបវីរៈបន្តលោក ផូវ សំភី បានណែនាំប្រធានអង្គភាពអាជ្ញាសាលានៃសាលាដំបូងខេត្តកំពង់ស្ពឺ ដែលទើបតែងតាំងថ្មីនេះ ត្រូវអនុវត្តមុខងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់ជំនឿចិត្តពីសាធារណជនលើអង្គភាពអាជ្ញាសាលា ក៏ដូចជាលើកកម្ពស់កិត្យានុពលភាព នៃការអនុវត្តច្បាប់នៅកម្ពុជា។
លើសពីនេះលោក ផូវ សំភី បន្តថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយអំពីអង្គភាពអាជ្ញាសាលាដែលបានរៀបចំនាពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់ចេញគោលការណ៍ដូចខាងក្រោម៖
*ទី១៖ ស្នើឲ្យប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំង៨ ផ្ដល់ការគាំទ្រ និងកិច្ចសហការឲ្យបានពេញលេញ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការងាររបស់អង្គភាពអាជ្ញាសាលា តាមភារកិច្ចដែលកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
*ទី២៖ ស្នើឲ្យប្រធានសាលាដំបូង និងអង្គភាពអាជ្ញាសាលា មេត្តាគិតគូទីតាំងសម្រាប់បំពេញការងាររបស់អង្គភាពអាជ្ញាសាលា ផ្ដល់ការគាំទ្រចាំបាច់នានាទាំងផ្នែករដ្ឋបាល logistic (ភស្តុភា) និងថវិកាដោយបញ្ចូលក្នុងគម្រោង កញ្ចប់ថវិកា របស់សាលាដំបូងសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ដើម្បីធានាដល់កិច្ចដំណើរការរបស់អង្គភាពអាជ្ញាសាលា។
*ទី៣៖ ស្នើឲ្យប្រធានអង្គភាពអាជ្ញាសាលានីមួយៗ គិតគូររៀបចំជ្រើសរើសឲ្យមានមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូននៅតាមអង្គភាពរបស់ខ្លួន ស្របតាមប្រការ១០ នៃប្រកាសលេខ៤៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី-ខេត្ត និងនៅចំពោះមុខ ស្នើសុំឲ្យលោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា មេត្តាសម្របសម្រួលផ្ដល់នូវធនធានមនុស្សបន្ថែមដូចជាមន្ត្រីជាប់កិច្ចសន្យា មន្ត្រីហាត់ការ ដើម្បីសម្រួលទៅលើប្រតិបត្តិការកិច្ចការបញ្ជូននិងធានាដល់កិច្ចដំណើរការរបស់អង្គភាពអាជ្ញាសាលាឲ្យបានរលូន។
*ទី៤៖ ស្នើឲ្យអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ដែលមានការពាក់ព័ន្ធនឹងកិច្ចការងាររបស់អាជ្ញាសាលា ផ្ដល់កិច្ចសហការឲ្យបានពេញលេញនៅពេលចុះអនុវត្ត តាមការស្នើសុំពីអង្គភាពអាជ្ញាសាលា ដោយប្រគល់កិច្ចការងារនេះជូនទៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ដើម្បីធ្វើការសម្របសម្រួលក្នុងករណីចាំបាច់ ប្រធានអង្គភាពអាជ្ញាសាលាស្នើសុំការគាំទ្រចាំបាច់នានា ក្នុងការអនុវត្តមុខងាររបស់មន្ត្រីអាជ្ញាសាលាឲ្យមានប្រសិទ្ធភាព ទៅកាន់អង្គភាពដែលមានការពាក់ព័ន្ធផ្សេងៗ។
*ទី៥៖ ស្នើឲ្យប្រធានអង្គភាពអាជ្ញាសាលា លោក-លោកស្រី ជាមន្ត្រីអាជ្ញាសាលាអនុវត្តមុខងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនលើអង្គភាពអាជ្ញាសាលា ក៏ដូចជាការលើកកម្ពស់នៃកិត្យានុភាពនៃការអនុវត្តច្បាប់នៅកម្ពុជា។
លោក កុយ ថា ដែលត្រូវបានផ្តល់សេចក្តីទុកចិត្តតែងតាំងតំណែងជាប្រធានអង្គភាពអាជ្ញាសាលា បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញការងារនេះឲ្យបានល្អ និងមានប្រសិទ្ធភាពការងារខ្ពស់ ដើម្បីចូលរួមអនុវត្តសកម្មភាព កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ដែលស្ថិតក្នុងមុំទី៤ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវគុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌៕