(នីស, បារាអ)៖ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូទ្រីសដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាពបោសសម្អាតមីន, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានវិស័យសក្ដានុពលជាច្រើនដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។
សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តពិភាក្សាបន្ថែមទៀតដើម្បីឱ្យយន្តការនេះបានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
លោក Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងនោះ លោករដ្ឋលេខាធិការបានបង្ហាញការស្វាគមន៍ចំពោះអ្នកការទូតវ័យក្មេងកម្ពុជា ទៅសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន ប្រទេសអូទ្រីស។
ក្នុងជំនួប លោក Sepp Schellhorn ក៏បានស្នើកម្ពុជា គាំទ្របេក្ខភាពរបស់អូទ្រីសជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨។
សម្ដេចមហាបវរធិបតី និងលោករដ្ឋលេខាធិការ បានបន្តពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ជាមួយវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីធានានូវចីរភាពបរិស្ថាន, អន្តរកាលថាមពល ជាពិសេសការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្នសម្រេចបាន ៦២ភាគរយ និងគ្រោងសម្រេចឱ្យបាន៧០ភាគរយនៅឆ្នាំ២០៣០៕