(ពោធិ៍សាត់)៖ រដ្ឋបាលក្រុងពោធិ៍សាត់ នាព្រយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការគោះត្រដោកទូទាំងក្រុង ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ សុវត្ថិភាព ជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឈានទៅបង្កលក្ខណៈដល់គ្រួសារពួកគាត់ បានប្រកបមុខរបរចិញ្ចឹមជីវិតគ្រួសារគ្មានភាពភ័យខ្លាច។
សម្រាប់ការបើកយុទ្ធនាការនាព្រលប់នេះ រដ្ឋបាលក្រុងបានចាប់ផ្តើមដំបូងពីភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ក្រោមវត្តមានចូលរួមត្រួតពិនិត្យ ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានថ្លែងឱ្យដឹងថា រដ្ឋបាលក្រុងបានរៀបចំបើកយុទ្ធនាការគោះត្រដោកទូទាំងក្រុងពោធិ៍សាត់នាពេលនេះ គឺមិនមែនបញ្ជាក់ថា នៅក្នុងក្រុងពោធិ៍សាត់អសន្តិសុខនោះទេ ផ្ទុយទៅវិញ ការគោះត្រដោកនេះ គឺជាការពង្រឹងនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ សុវត្ថិភាព ផ្នែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលលោកបានណែនាំទៅដល់រដ្ឋបាលក្រុងស្រុកទាំងអស់ ឱ្យរៀបចំពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងគោលបំណងដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាព ពង្រឹងសន្តិសុខ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឈានទៅបង្កលក្ខណៈដល់គ្រួសារពួកគាត់ បានប្រកបមុខរបរចិញ្ចឹមជីវិតគ្រួសារ។
លោកបន្តថា យើងចាប់ផ្ដើមនៃការបើកយុទ្ធនាការគោះត្រដោកគ្រប់ក្រុមគ្រួសារ ទូទាំង៧សង្កាត់ គឺក្នុងគោលបំណង ដើម្បីរក្សាសុខសុវត្ថិភាព ដោយកំណត់លើមុខសញ្ញា៤ ដែលយើងគិតថានឹងកើតមាននៅក្នុងមូលដ្ឋាន បើទោះបីជាកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ បានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ តែវានៅតែកើតមាន។ នៅពេលដែលកើតមានមុខសញ្ញាយើងនឹងចាប់ផ្ដើមគោះត្រដោក ដើម្បីបង្ហាញជាសញ្ញា ជូនទៅដល់ប្រជាការពារ ជូនទៅដល់មេភូមិ ជូនទៅដល់ក្រុមប្រឹក្សាសង្កាត់ និងបង្ហាញសញ្ញាជូនទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីជួយអន្តរាគមន៍។
លោកអភិបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ថា មុខសញ្ញាទាំងអស់នោះ មានបួន ដែលយើងត្រូវកំណត់ក្នុងការគោះត្រដោក រួមមាន៖
ទី១៖ មុខសញ្ញាលួច ឆក់ ប្លន់ គ្រប់ប្រភេទ
ទី២៖ ករណីអំពើហឹង្សាក្នុងគ្រួសារ ឈានដល់គម្រាមសម្លាប់
ទី៣៖ ករណីក្មេងទំនើងគ្រប់ប្រភេទ
និងទី៤៖ ករណីអគ្គិភ័យ (ភ្លើងឆេះផ្ទះ) ជាដើម...។ល៕