(កំពត)៖ លោក មឿង គង្គា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរ ក្រុមយុវជន សិស្សានុសិស្ស ក្រុមអាជីវករ ព្រះសង្ឃ ពុទ្ធបរិស័ទ និងអ្នកពាក់ព័ន្ធ ជាច្រើនរយនាក់ ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ដែលពិធីនេះ បានប្រារព្ធធ្វើឡើង នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្ថិតក្នុងភូមិត្រសេកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានលើកបញ្ជាក់ឱ្យដឹងថា កន្លងមក មន្ទីរបរិស្ថានខេត្តកំពត បានធ្វើការសម្របសម្រួល ជាមួយសាលារៀន វត្តអារាម ក៏ដូចជាវិស័យឯកជននានា នៅទូទាំងខេត្ត សរុបចំនួន ៤៦៧ កន្លែង ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាន  នៅតាមទីសាធារណៈ និងតាមដងផ្លូវនានា ជាលទ្ធផលធ្វើបានចំនួន ១១.៧៥៤ លើក ដោយប្រមូលសំរាមបានប្រមាណ ៧៥តោន។

លោកប្រធានមន្ទីរបរិស្ថាន ក៏បានស្នើសុំឱ្យពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមមានការចូលរួមថែរក្សាអនាម័យ បរិស្ថាន ពិសេសសូមជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈដែលសំរាមនៅតាមដងផ្លូវនៅតែបន្តមានរាយប៉ាយ។

ក្នុងពិធីនេះដែរ លោក មឿង គង្គា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន ខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងនោះវិស័យទេសចរណ៍ បាននិងកំពុងតែដើរតួយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសារពលរដ្ឋ។ ដើម្បីធ្វើឱ្យខេត្តកំពត កាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្ត កាន់តែច្រើននោះ គឺទាមទាឱ្យប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស រួមទាំងព្រះសង្ឃ ចូលរួមសម្អាតអនាម័យបរិស្ថានឱ្យបានល្អ ពិសេសត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យខេត្តកំពតកាន់តែស្អាត តាមផ្លូវគ្មានសំរាមរាយប៉ាយ។

សូមបញ្ជាក់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៥ នេះ គឺធ្វើឡើង ដើម្បីរួមចំណែក ធ្វើយ៉ាងណាឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ចំពោះកិច្ចការពារ និងការគ្រប់គ្រងធនធានធម្មជាតិ ចូលរួមទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងប្រែក្លាយបរិស្ថានកម្ពុជា ក៏ដូចជាខេត្តកំពត ឱ្យស្អាតផូរផង់ និងមានភាពបៃតងជានិច្ច  សំដៅលើកស្ទួយកិត្យានុភាពជាតិ និងលើកកម្ពស់សុខដុមរម្យនារបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ៕